រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់ទៅលើអាមេរិកថា បានវាយប្រហារទៅលើទាហ៊ានរបស់ខ្លួនស្លាប់រាប់សិបនាក់ធ្វើឲ្យរាំងស្ទះដល់ការវាយប្រហារទៅលើក្រុមIS និងផ្តល់ឱកាសទៅឲ្យក្រុមភេរវកម្មវាយមកវិញ។
ចំណុចទាំងនោះអ្នកវិភាគអាមេរិកបានលើកឡើងយ៉ាងច្បាស់ថា កម្លាំងទាហានអាកាសរុស្ស៊ីអាចនឹងត្រូវកាត់បន្ថយការវាយប្រហារដោយសារតែប្រឈមមុខនឹងការវាយបកវិញពីក្រុមភេរវកម្មនៅស៊ីរី។ ការលើកឡើងរបស់អាមេរិកធ្វើឲ្យគេមានមន្ទិលសង្ស័យថា ក្រុមភេរវកម្មដែលមានសមត្ថភាពវាយប្រហារទៅលើយន្ដហោះចម្បាំងរបស់រុស្ស៊ីនោះ មិនមានអ្នកណាក្រៅពីកម្លាំងទាហានអាមេរិកឡើយ។
លោក Andrey Kartapolov មេបញ្ជាការកងទ័ពរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានអាកាសរុស្ស៊ី បានបើកការវាយប្រហាររហូតដល់ទៅជាង ៦០លើក នៅគោលដៅជាង៥០ របស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ។ លោកបន្ដទៀតថា ការវាយប្រហារនោះធ្វើឲ្យក្រុមអ៊ិស្លាមថយកម្លាំងយ៉ាងខ្លាំង។
ការវាយប្រហាររបស់រុស្សីនៅក្នុងប្រទេសស៊ីរី អាចនឹងត្រូវជាប់ផុងបើទោះបីរុស្សីបញ្ជាក់ថា នឹងវាយប្រហារក្នុងរយៈពេលខ្លីក៏ដោយ។ ក្នុងពេលនេះកម្លាំងទាហានអាកាសរុស្ស៊ីបានជួយដល់កម្លាំងថ្មើរជើងរបស់ប្រធានាធិបតី អាល់អាសាដ ក្នុងការវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋក៏ដូចជាក្រុមទាហានបះបោរទាមទារផ្ដួលរំលំលោក អាល់អាសាដ ។
ប៉ុន្ដែក្រុមអ្នកវិភាគយោធាអាមេរិកបានបញ្ជាក់ថា ការចូលរួមរបស់រុស្ស៊ី នឹងមិនអាចសម្រេចជោគវាសនានៅប្រទេសស៊ីរីនោះឡើយ ហើយសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជិត៥ឆ្នាំក៏មិនអាចបញ្ចប់នោះដែរ។ ការវាយប្រហារនោះអាចធ្វើឲ្យរុស្ស៊ីជាប់ផុងនៅទីនោះក្រោយពេលដែលក្រុមភេរវកម្មចាប់ផ្ដើមវាយបកទៅវិញនោះ។
កម្លាំងទាហានរុស្ស៊ីបច្ចុប្បន្នមានមោទនភាពជាងកាលពី២៥ឆ្នាំមុន ហើយមានកម្លាំងខ្លាំងជាងមុន ប៉ុន្ដែនៅប្រើប្រាស់សព្វាវុធចាស់ៗនៅឡើយ។ ចំណែកកម្លាំងថ្មើរជើងស៊ីរីមិនបានឆ្លងកាត់ការហ្វឹកហាត់ទាំងនោះធ្វើឲ្យរុស្ស៊ីពិបាកក្នុង ការបញ្ចប់សង្គ្រាមក្នុងពេលខ្លី។ រុស្សីបានប្រើប្រាស់យុទ្ធសាស្ដ្រដូចអាមេរិក ដោយវាយប្រហារតាមដែនអាកាសដើម្បីធ្វើឲ្យកម្លាំងទាហានអ៊ិុស្លាមបង្កើតរដ្ឋចុះខ្សោយ ។
មេបញ្ជាការកងទ័ពរុស្ស៊ីបានបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមករុស្ស៊ីមានសង្គ្រាមតូចៗដោយប្រើប្រាស់កម្លាំងទាហាន អាកាសវាយប្រហារ ប៉ុន្ដែនេះជាលើកទី១ ហើយ ដែលរុស្ស៊ីធ្វើដូចអាមេរិក ដោយប្រើប្រាស់យុទ្ធសាស្ដ្រវាយប្រហារ ទម្លាក់គ្រាប់ពីអាកាសបំផ្លាញទីតាំងរបស់សត្រូវ។
ការវាយប្រហារនោះបើទោះបីប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា ការវាយប្រហារសំដៅទៅលើក្រុម IS តែប៉ុណ្ណោះ ប៉ុន្ដែប្រទេសលោកខាងលិចមានមន្ទិលសង្ស័យពីការវាយប្រហារនោះ។ រដ្ឋាភិបាលអាមេរិកក៏បានប្រកាសថា យុទ្ធនាការរបស់រុស្ស៊ីមិនប៉ះពាល់ដល់កម្លាំងសម្ពន្ធមិត្ដវាយប្រហារក្រុមIS ដែលដឹកនាំដោយអាមេរិកនោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី