ខេត្តក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់ ទៅសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ។
កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកវរសេនីយ៍ត្រី រ៉ន សាមុត មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នឹងឈានដល់ការបង្ក្រាបមុខសញ្ញាជាបក្ខពួកជាបន្តបន្ទាប់។
ការចុះបង្ក្រាបបទល្មើសគ្រឿងញៀនឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងចំនុចផ្សេងៗគ្នា ស្ថិតក្នុងភូមិសាស្ត្រស្រុកចិត្របុរី ខេត្តក្រចេះ។
ជនសង្ស័យទាំង ៣នាក់ ខាងលើ
១- ឈ្មោះ អុិក ចន្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បុខរបរជាងផ្សារដែក មានទីលំនៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
២- ឈ្មោះ ឡាយ កុសល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនថ្មម៉ាប មានទីលំនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
៣- ឈ្មោះ លក ឡឹង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ដោយដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ៤កញ្ចប់ធំ-តូច និងសម្ភារៈប្រើប្រាស់មួយចំនួន៕










