ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបែលហ្ស៊ិក Leandro Trossard បានផ្ទេរទៅកាន់ក្លិប Besiktas ក្នុងក្របខ័ណ្ឌតួកគី Super Lig ដោយចាកចេញពី Arsenal លើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ហើយមានជម្រើសបន្តបាន ១ ឆ្នាំបន្ថែម។ ក្លិបទាំងពីរបានបញ្ជាក់ព័ត៌មាននេះកាលពីថ្ងៃពុធ។
កីឡាករវ័យ ៣១ ឆ្នាំ ដែលនៅសល់កិច្ចសន្យាជាមួយ Arsenal រហូតដល់ឆ្នាំ ២០២៧ ត្រូវបានផ្ទេរក្នុងតម្លៃប្រហែល ១៨ លានអឺរ៉ូ (ប្រមាណ ២១ លានដុល្លារ)។ Besiktas បញ្ជាក់ថា ថ្លៃផ្ទេរនេះនឹងត្រូវបង់ជា ៦ ដំណាក់កាលស្មើៗគ្នា ក្នុងរយៈពេល ៣ ឆ្នាំ។
ក្លិប Besiktas បានប្រកាសថា៖
«ក្រុមហ៊ុន Besiktas Futbol Yatirimlari Sanayi ve Ticaret A.S. បានជូនដំណឹងទៅកាន់វេទិកាបង្ហាញព័ត៌មានសាធារណៈ (KAP) ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Leandro Trossard និងក្លិបរបស់គាត់ សម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍»។
មុននេះ Arsenal ក៏បានបញ្ជាក់ថា Trossard ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីធ្វើតេស្តសុខភាព មុនពេលបញ្ចប់ការផ្ទេរ។
ចាប់តាំងពីផ្ទេរពី Brighton & Hove Albion មក Arsenal នៅខែមករា ឆ្នាំ ២០២៣ Trossard បានបង្ហាញខ្លួន ១៧៤ ប្រកួត នៅគ្រប់ការប្រកួត និងស៊ុតបញ្ចូលទីបាន ៣៦ គ្រាប់។
កាលពីរដូវកាលមុន គាត់រកបាន ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦ លើក ក្នុងការបង្ហាញខ្លួន ៣១ ប្រកួតនៅ Premier League ជួយ Arsenal បញ្ចប់ការរង់ចាំ ២២ ឆ្នាំ ដើម្បីលើកពាន Premier League។
សម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិក Trossard បង្ហាញខ្លួនបាន ៥៧ ប្រកួត រកបាន ១៤ គ្រាប់ និងបានចូលរួមការប្រកួតធំៗអន្តរជាតិចំនួន ៤ លើក៕










