ខេត្តបាត់ដំបង ៖ ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង «គាស់តូបលួចយកទូរស័ព្ទ» ៨នាក់ រាប់ទាំងអ្នកទទួលទិញផលចោរកម្មផង ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្ត ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ កក្កដា ស្ថិតនៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវប្រឆាំងបទល្មើសព្រហ្មទណ្ឌបានឲ្យដឹងថា ក្នុងចំណោមជនពាក់ព័ន្ធទាំង០៨នាក់នោះ រួមមាន ជនដៃដល់លួចទូរស័ព្ទចំនួន០៣នាក់ ១-ឈ្មោះ លឿន ចាន់ធី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ២-ឈ្មោះ ចំរើន សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ និង៣-ឈ្មោះ ចាន់ វិចិត្រ ហៅ ផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជនទាំង០២នាក់នេះ នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
រីឯជន០២នាក់ជាអ្នកទទួលផលចោរកម្មមាន ១-ឈ្មោះ ណាត រ៉ូហ្សា ភេទស្រី អាយុ២៨ឆ្នាំ និង ២-ថេត វ៉ាន់នី ហៅដា ភេទស្រី អាយុ៣០ឆ្នាំ អ្នកទទូលទិញផលចោរកម្មទាំង០២នាក់នេះ នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ លោក សូ ឌី បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង០៥នាក់នេះ សុទ្ធតែមាន«សារធាតុញៀនទាំងអស់»។ ដោយឡែក ជនសង្ស័យចំនួន០២ នាក់ទៀត ដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរមាន៖ ១-ឈ្មោះ ពេជ្រ សោភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ ២-ខឿន វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ។
លោក សូ ឌី បញ្ជាក់ថា ជនទាំង០២នាក់នេះ មិនពាក់ ព័ន្ធនឹងការចូលរួមលួចទូរស័ព្ទទេ ប៉ុន្តែជាអ្នកប្រើ ប្រាស់ថ្នាំញៀនយ៉ាងសកម្មជុំគ្នា ជាមួយក្រុមជនដៃដល់០៣នាក់ខាងលើ ។ រីឯម្នាក់ទៀត ទើបឃាត់ខ្លួនបានឈ្មោះ ធី ភេទប្រុស ជាអ្នកផ្ដល់ទីតាំងឲ្យក្រុមជនសង្ស័យទាំងអស់នេះ ប្រើប្រាស់ថ្នាំញៀនហើយមន្ត្រីជំនាញបាននិងកំពុងសួរចម្លើយ ។ ដូច្នេះ នៅក្នុងសំណុំរឿង «គាស់ទម្លុះទម្លាយ លួចទូរស័ព្ទ» កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនពាក់ព័ន្ធបានចំនួន០៨នាក់ ។
ក្នុងនោះ ៣នាក់«ធ្វើកម្មភាពលួចផ្ទាល់» និងចំនួន០២នាក់ ជាស្ត្រីជាអ្នក«ទទូលទិញផលចោរកម្ម» ចំណែកជន០២នាក់ជាអ្នកប្រើប្រាស់ថ្នាំញៀនជុំគ្នា ជាមួយក្រុមជនដៃដល់ ខណៈម្នាក់ទៀតឈ្មោះ ឈួម វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្លាកែត សង្កាត់ស្លាកែត ជាអ្នកផ្ដល់ទីតាំងប្រើប្រាស់ថ្នាំញៀន ហើយម្ចាស់ទីតាំងរូបនេះ ក៏ជាអុ្នកប្រើប្រាស់ថ្នាំញៀនដែរ។
កាលពីវេលាម៉ោងជាង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ កក្កដា មានជន០៣នាក់ បានធ្វើសកម្មភាពគាស់សោទ្វារតូបលក់ទូរស័ព្ទ នៅចំណុចភូមិនរា២ ឃុំនរា ស្រុកសង្កែ ចូលលួចយកទូរស័ព្ទគ្រប់ម៉ាករបស់ជនរងគ្រោះ ឈ្មោះ ឡោះ ស៊ីណាត ភេទប្រុស អាយុ៤៣ឆ្នាំ យកអស់ប្រហែល៥០គ្រឿង ។ ជនរងគ្រោះ បានបង្ហោះតាមបណ្ដាញសង្គមជាសាធារណៈ រូបភាពជនសង្ស័យ ដែលធ្វើសកម្មភាពគាស់ទម្លុះទម្លាយ និងចូលលួចទូរស័ព្ទក្នុងតូប ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។ នៅព្រឹកថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានចុះទៅទីតាំងកើតហេតុ ដើម្បីពិនិត្យ និងកំណត់មុខសញ្ញាក្រុមជន សង្ស័យ ដែលមានមុខនៅក្នុងកញ្ចក់កាមេរ៉ាសុវត្ថិភាព ។
លោក សូ ឌី បានប្រាប់ថា ក្រោយពីប្រទះឃើញជនរងគ្រោះបង្ហោះរូបភាពជាឃ្លីបវីដេអូ ស្ដីពី«សកម្មភាពក្រុមជនល្មើសចូលលួចទូរស័ព្ទ» លោកក៏បានដឹកនាំមន្ត្រីជំនាញចុះសួរនាំជនរងគ្រោះ និងធ្វើការស្រាវជ្រាវភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត តាមរយៈរូបភាពជនល្មើសដែលមានមុខជាប់ក្នុងកាមេរ៉ាសុវត្ថិភាព។
លោកបានបញ្ជាក់ថា បន្តាប់ពីបានបើកការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោង ក្នុងថ្ងៃដដែលនោះ ទើបកំណត់បាននូវមុខសញ្ញាជនប្រព្រឹត្តផ្ទាល់ចំនួន០៣នាក់ អ្នកទទូលផលចោរកម្មចំនួន០២នាក់ និងជនពាក់ព័ន្ធចំនួន០៣នាក់បន្ថែមទៀត ហើយត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ជាមួយនឹងវត្ថុតាងមួយចំនួនផង ដែលត្រូវដកហូត។
តាមរបាយការណ៍វត្ថុតាងដែលដកហូតបានរួមមាន៖ ទូរស័ព្ទចំនួន២៧គ្រឿង (របស់ជនរងគ្រោះ) ម៉ូតូចំនួន០៣គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាពបទល្មើស
ឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ លោក សូ ឌី បានបញ្ជាក់ថា បើតាមចម្លើយសារភាពរបស់ក្រុមជនដៃដល់នេះ ពួកគេមិន មែនទើបប្រព្រឹត្តបទល្មើសលើកដំបូងទេ។ ក្រុមនេះធ្លាប់ប្រព្រឹត្តអំពើ«ចោរកម្ម» ផ្សេងៗមិនរើសមុខ នៅតាមបណ្ដាស្រុកនានា
ដូចជានៅស្រុកសង្កែ ស្រុកថ្មគោល និងនៅកន្លែងផ្សេងៗទៀងស្ទើររាប់ភ្លេច។
បន្ទាប់ពីលួចបានទ្រព្យសម្បត្តិជនរងគ្រោះ ពួកគេយកទៅលក់យកលុយទិញថ្នាំញៀន ឬយកទៅដូរថ្នាំញៀនប្រើប្រាស់តែម្ដង។ នេះជាចម្លើយសារភាពរបស់ក្រុមចោរគាស់ទម្លុះទម្លាយ ដែលបាននិយាយប្រាប់មន្ត្រីសួរចម្លើយ មុនពេលត្រូវមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕










