ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៥ករណីផ្សេងគ្នា។
នៅថ្ងៃទី១៨,១៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៥ករណី ដូចខាងក្រោម៖
ករណីទី០១: ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តបទល្មើសនៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:២០ នាទី។
ករណីទី០២: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ៥៩៧ ភូមិទួលគោក សង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២០:០៧ នាទី, ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២០:៤៧ នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២០:០៦ នាទី និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២:១៥នាទី បង្កឡើងដោយក្រុមក្មេងទំនើងឈ្មោះ ចែក, ក្រុម កៀង និងក្រុម ក្រោមការ៉ាស់សាំង។
ករណីទី០៣ និងទី០៤: អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ២៤០ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣:៣៧នាទី, ករណីលួចយកម៉ូតូ និងទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តបទល្មើសនៅចំណុចខាងមុខបុរីហេងហៀង មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៣:៤២ នាទី ។
ករណីទី០៥: ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តបទល្មើសនៅចំណុចច្រកសំណង់មិនរៀបរយ ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០១:៤៩ នាទី បង្កឡើងដោយក្រុមក្មេងទំនើងឈ្មោះ បឹងកក់(BK) និងក្រុមអេលៀនតាខ្មៅ ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










