សារព័ត៌មាន Reuters បានផ្សាយថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ តម្លៃប្រេងឆៅអន្តរជាតិ Brent បានកើនឡើង២ភាគរយ ដល់លើស៩០ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលការផ្ទុះកម្តៅឡើងវិញ នៃអរិភាពរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ បានរឹតត្បិតលំហូរដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។
តម្លៃប្រេងឆៅ Brent ខាងលើ គឺជាតម្លៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី១១ ខែមិថុនា។ ដោយឡែក តម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) គឺស្ថិតនៅ៨៤,២០ដុល្លារក្នុងមួយបារ៉ែល ក្រោយកើន១,៧១ដុល្លារ ឬ២,០៧ភាគរយ និងជាតម្លៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា។ កម្តៅភាពតានតឹងនៅតែបន្តឡើងខ្លាំង កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារសម្រាប់យប់ទី៩ជាប់គ្នា ប្រឆាំងប្រទេសអ៉ីរ៉ង់ ខណៈសម្ព័ន្ធមិត្តអាមេរិក ដូចជាកូវ៉ែត និងបារ៉ែន បានរាយការណ៍ពីការវាយប្រហារដោយមីស៉ីលរបស់អ៉ីរ៉ង់។
នាថ្ងៃចន្ទនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានអះអាងថា កប៉ាល់ដឹកប្រេង២គ្រឿង បានផ្ទុះឆេះហើយធ្វើដំណើរលែងរួច ក្រោយព្យាយាមបើកឆ្លងកាត់គន្លងផ្លូវគ្មានសុវត្ថិភាព នៅប៉ែកខាងត្បូងច្រកសមុទ្រ Hormuz ហើយពួកគេថែមទាំងចោទថា យោធាអាមេរិក ជាអ្នកដែលបានជំរុញឱ្យកប៉ាល់នានា ធ្វើដំណើរតាមទីនោះ។ ក្នុងថ្ងៃដដែល ទីភ្នាក់ងារតាមដានប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា កប៉ាល់១គ្រឿងបានឆាបឆេះនៅក្បែរឆ្នេរប្រទេសអូម៉ង់។
ប៉ុន្មានថ្ងៃមកនេះ ទាំងអាមេរិកនិងអ៉ីរ៉ង់ បាននាំគ្នាផ្តោតទៅលើចរាចរណ៍ដឹកជញ្ជូនរបស់កប៉ាល់ ដោយទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្លួនសម្រេចអនុវត្តការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ឡើងវិញ ហើយទីក្រុងតេហេរ៉ង់អះអាងថា នឹងកំណត់គោលដៅលើ កប៉ាល់នានាដែលបំពានគោលការណ៍របស់ខ្លួន ស្តីពីការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ មុនផ្ទុះសង្រ្គាម ច្រកសមុទ្រនេះ ជាកន្លែងដែលប្រហែល២០ភាគរយនៃប្រេងផ្គត់ផ្គង់របស់ពិភពលោក ត្រូវធ្វើដំណើរឆ្លងកាត់៕

រូបថត:Reuters









