ភ្នំពេញ ៖ ស្ត្រីម្នាក់បាត់ម៉ូតូ១គ្រឿងហុងដាឌ្រីម សេរីឆ្នាំ២០២៥ នៅម្តុំផ្សារតូច ទួលសង្កែ ហើយរកតាមប្រព័ន្ធGPS ឃើញលោតនៅម្តុំឃ្លាំងរំសេវ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែរកមិនឃើញនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចហាងលក់ទិញម៉ូតូមួយកន្លែង ម្តុំឃ្លាំងរំសេវ ផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមការរៀបរាប់ពីស្ត្រីជាម្ចាស់ម៉ូតូបានឱ្យដឹងថា ម៉ូតូរបស់គាត់ជាម៉ូតូទិញបង់រំលោះ បានរយះពេល១ឆ្នាំ២ខែ និងបំពាក់ស្លាកលេខ ភ្នំពេញ 1LM2256 ស៊េរីឆ្នាំ២០២៥ ។
តាមប្រភពដដែលបានបន្តទៀតថា ម៉ូតូរបស់គាត់ ត្រូវបានប្អូនខ្ចីយកទៅ បានទៅគេងនៅបន្ទប់ជួល ម្តុំផ្សារតូច ទួលសង្កែ ខណ្ឌឬស្សីកែវ លុះយប់ប្រហែលម៉ោង៧យប់ ប្អូនរបស់គាត់ បានទូរសព្ទ័ថា ម៉ូតូត្រូវបានចោរលួចយកទៅបាត់ហើយ។ ពេលលឺដំណឹងនេះ ស្ត្រីជាបងហើយជាម្ចាស់ម៉ូតូ បានឆែកតាមប្រព័ន្ធGPS ឃើញថា លោតនៅម្តុំឃ្លាំងរំសេវ ក៍ជិះមកតាម រហូតប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ អោយជួយអន្តរាគមន៍ ។ ភ្លាមៗនោះសមត្ថកិច្ចក៍សហការជូនស្ត្រីខាងលើ ដោយបានសុំម្ចាស់ផ្ទះ អោយស្ត្រីជាម្ចាស់ម៉ូតូ ចូលទៅរកមើលកន្លែងដែលប្រព័ន្ធGPS លោតដែរ តែស្ត្រីខាងលើបានដើរចូលទៅមើល ក៍រកមិនឃើញម៉ូតូរបស់ខ្លួននោះទេ ។
ករណីខាងលើនេះដែរ នគរបាលរដ្ឋបាលទឹកល្អក់ទី៣បានណែនាំអោយជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានដែលម៉ូតូរបស់ខ្លួនបាត់ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកបន្តទៀត ៕
ដោយ៖ សុរិយា










