អ្នកប្រដាល់អាមេរិក Hannah Rapp ស្លាប់ក្រោយត្រូវរថយន្តបុក ពេលកំពុងជិះកង់

ចែករំលែក៖

អ្នកប្រដាល់ជនជាតិអាមេរិក Hannah Rapp ដែលកាលពីខែមិថុនាបានប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកពិភពលោក WBC Women’s Featherweight បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវរថយន្តបុក ពេលកំពុងជិះកង់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

Rapp មានអាយុ ២៦ ឆ្នាំ។ ប៉ូលិសបានចាប់ខ្លួនបុរសអាយុ ៣១ ឆ្នាំ ម្នាក់ ឈ្មោះ Charles Medina ពាក់ព័ន្ធនឹងករណីស្លាប់របស់នាង។ នេះបើយោងតាមការិយាល័យតម្រួតប្រចាំតំបន់Brazos County។

តាមការស៊ើបអង្កេតដំបូង Hannah Rapp និងអ្នកជិះកង់ម្នាក់ទៀត កំពុងជិះលើផ្លូវមួយ នៅពេល Medina បើករថយន្តវ៉ាជែងពួកគេ មុននឹងឈប់រថយន្ត ហើយបើកថយក្រោយ។ រថយន្តបានបុក Rapp បណ្តាលឱ្យរងរបួសធ្ងន់។ ទោះបីក្រុមសង្គ្រោះបន្ទាន់បានបញ្ជូននាងទៅមន្ទីរពេទ្យក៏ដោយ នាងបានទទួលមរណភាព។

អាជ្ញាធរបានចោទប្រកាន់ Medina ពីបទ មនុស្សឃាតដោយការធ្វេសប្រហែស (Manslaughter) ដែលតាមច្បាប់រដ្ឋតិចសាស់ មានន័យថា បង្កឱ្យមនុស្សម្នាក់ស្លាប់ដោយអំពើធ្វេសប្រហែស។

ទោះជាយ៉ាងណា ឯកសារតុលាការ ដែលសារព័ត៌មាន KHOU បានរាយការណ៍ បានបង្ហាញថា Medina បានបើករថយន្តវ៉ា Rapp និងមិត្តប្រុសរបស់នាង។ បន្ទាប់ពីមិត្តប្រុសរបស់ Rapp លើកដៃឡើង Medina បានជាន់ហ្វ្រាំងភ្លាមៗ រួចបើកថយក្រោយ និងបុក Rapp យ៉ាងខ្លាំង រហូតធ្វើឱ្យកញ្ចក់ខាងក្រោយរថយន្តបែកខ្ទេច។

នៅពេលសាកសួរ Medina បានបដិសេធថា មិនបានបុក Rapp ដោយចេតនាទេ។ គាត់អះអាងថា គាត់គិតថា Rapp និងមិត្តប្រុសកំពុងហៅឱ្យគាត់ឈប់ ដូច្នេះគាត់បានបើកថយក្រោយ ហើយមិនបានឃើញ Rapp រហូតដល់ពេលជិតបុក។

អ្នកនាំពាក្យការិយាល័យតម្រួតបានប្រាប់ថា នៅពេលនេះនៅមិនទាន់អាចសន្និដ្ឋានបានថា កំហឹងលើដងផ្លូវ (Road Rage) ជាមូលហេតុឬអត់នោះទេ។ ក្រុមស៊ើបអង្កេតកំពុងប្រមូលភស្តុតាង និងរង់ចាំរបាយការណ៍ផ្លូវការ ពីអ្នកជំនាញពិនិត្យគ្រោះថ្នាក់ និងគ្រូពេទ្យកោសល្យវិច័យ។

ដំណឹងមរណភាពរបស់ Rapp បានធ្វើឱ្យសហគមន៍ប្រដាល់សោកស្តាយយ៉ាងខ្លាំង។

ប្រធានស្ថាប័ន WBC លោក Mauricio Sulaimán បានថ្លែងថា៖
«ការបាត់បង់ Hannah Rapp បានធ្វើឱ្យយើងខូចចិត្តយ៉ាងខ្លាំង។ នាងមិនត្រឹមតែជាអ្នកប្រដាល់ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមាជិកដ៏មានតម្លៃនៃគ្រួសារប្រដាល់របស់យើងផងដែរ»។

អាជីពអ្នកប្រដាល់របស់ Hannah Rapp មានកំណត់ត្រា ឈ្នះ ៨ ប្រកួត (ផ្តួលដៃគូសន្លប់ ៥ ដង) និង ស្មើ ១ ប្រកួត ក្នុងការប្រកួតអាជីព ៩ លើកដំបូង។

ការប្រកួតលើកទី១០ របស់នាង គឺដណ្តើមខ្សែក្រវាត់ WBC Featherweight ជាមួយ Tiara Brown នៅរដ្ឋ Florida ប៉ុន្តែ Brown បានការពារខ្សែក្រវាត់ដោយឈ្នះតាមពិន្ទុឯកច្ឆន្ទ។

ក្រោយដឹងដំណឹងស្លាប់របស់ Rapp ម្ចាស់ខ្សែក្រវាត់ Tiara Brown បានសរសេរថា៖ «នាងគឺជាគូប្រកួតដ៏ល្អបំផុត ដែលខ្ញុំធ្លាប់ជួបក្នុងអាជីព។ យើងបានប្រកួតយ៉ាងអស្ចារ្យតាំងពីកណ្តឹងចាប់ផ្តើមរហូតដល់បញ្ចប់។ វាជាកិត្តិយសសម្រាប់ខ្ញុំ ដែលបានឈរលើសង្វៀនជាមួយនាង»។

Rapp បានផ្លាស់ពីរដ្ឋ Indiana មករស់នៅរដ្ឋតិចសាស់ ប្រហែល ៣ ឆ្នាំមុន ដើម្បីហ្វឹកហាត់ប្រដាល់។

បច្ចុប្បន្ន Medina នៅតែត្រូវឃុំខ្លួន ខណៈតុលាការមិនទាន់កំណត់ប្រាក់ធានាខ្លួននៅឡើយ។

កំណត់ត្រារបស់ពន្ធនាគារក៏បង្ហាញថា Medina ធ្លាប់មានប្រវត្តិចាប់ខ្លួនពីមុន ពាក់ព័ន្ធនឹងបទល្មើសដូចជា៖
បាញ់កាំភ្លើងក្នុងលក្ខណៈគ្រោះថ្នាក់,
ប្រើអំពើហិង្សាបង្ករបួស,
និងបើកបរដោយគ្មានការប្រុងប្រយ័ត្ន។

...

ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោសពីបទ មនុស្សឃាតដោយការធ្វេសប្រហែស (Manslaughter) គាត់អាចប្រឈមនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ដល់ ២០ ឆ្នាំ តាមច្បាប់រដ្ឋតិចសាស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print