ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តមបណ្ឌិត Ramos-Horta ប្រធានាធិបតី និងលោក Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រឡេស្តេព្រមទាំងបានបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជា និងត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយទីម័រឡេស្តេដែលទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៩ ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ ៕
ដោយ ៖ សិលា











