Lionel Messi អរគុណអ្នកគាំទ្រអាហ្សង់ទីន៖ «របួសផ្លូវចិត្តនេះត្រូវការពេលវេលាដើម្បីជាសះស្បើយ»

ចែករំលែក៖

បន្ទាប់ពីការប្រកួត World Cup ដែលអាចជាការប្រកួតចុងក្រោយរបស់ខ្លួន Lionel Messi បានស្រក់ទឹកភ្នែកនៅលើទីលាន កាលពីថ្ងៃអាទិត្យ នៅទីក្រុង East Rutherford រដ្ឋ New Jersey បន្ទាប់ពីខកខានឱកាសដឹកនាំអាហ្សង់ទីនឈ្នះជើងឯក World Cup ជាលើកទី២ជាប់ៗគ្នា។

 

ទោះបីមិនទាន់បញ្ជាក់ថា អាជីព World Cup របស់ខ្លួនបានបញ្ចប់ឬអត់ក៏ដោយ Messi បានផ្ញើសារអបអរសាទរដល់ក្រុមជម្រើសជាតិអេស្ប៉ាញ និងថ្លែងថា អនុស្សាវរីយ៍ទាំងអស់នឹងស្ថិតនៅក្នុងចិត្តជារៀងរហូត តាមរយៈការបង្ហោះនៅលើ Instagram កាលពីថ្ងៃចន្ទ។

 

Messi បានសរសេរជាភាសាអេស្ប៉ាញថា៖ «ការឈឺចាប់គឺធំធេងណាស់ ហើយរបួសផ្លូវចិត្តនេះនឹងត្រូវការពេលវេលាដើម្បីជាសះស្បើយ។ ប៉ុន្តែខ្ញុំនៅតែរក្សាទុកនូវអ្វីៗល្អៗទាំងអស់… ការប្រកួតដែលយើងបានវាយបកវិញដោយប្រឹងប្រែងអស់ពីសមត្ថភាព គឺជាអនុស្សាវរីយ៍ដែលនឹងនៅជាមួយយើងជានិច្ច។ ការគាំទ្រពីប្រជាជនអាហ្សង់ទីនទាំងមូល រួមជាមួយការខិតខំប្រឹងប្រែងរបស់ក្រុម បាននាំយើងត្រឡប់មកកាន់កំពូលបាល់ទាត់ពិភពលោកម្តងទៀត។ នៅពេលនេះ វាពិបាកក្នុងការយល់ឱ្យបានពេញលេញពីសមិទ្ធផលរបស់យើង ប៉ុន្តែក្រុមនេះបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់ៗគ្នា»។

 

អាហ្សង់ទីនធ្លាប់យកឈ្នះបារាំងដោយបាល់ប៉េណាល់ទី បន្ទាប់ពីស្មើគ្នា ៣-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នៅប្រទេសកាតារ ដែលជាពានធំចុងក្រោយដែល Messi ខ្វះក្នុងអាជីពដ៏អស្ចារ្យរបស់ខ្លួន។

 

នៅ World Cup 2026 អាហ្សង់ទីននៅតែជាក្រុមខ្លាំងមួយ ដោយបានវាយបកឈ្នះអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងចាញ់អេស្ប៉ាញ ដែលការពារបានយ៉ាងរឹងមាំ រហូតមិនឱ្យអាហ្សង់ទីនមានសូម្បីតែការស៊ុតមួយលើគោលដៅ។

 

Messi បានឈានចូលអាយុ ៣៩ ឆ្នាំក្នុងអំឡុងពេលប្រកួត World Cup នេះ ហើយនឹងមានអាយុ ៤៣ ឆ្នាំ នៅពេល World Cup ឆ្នាំ២០៣០ ដែលនឹងរៀបចំដោយអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក។

 

Messiបានបន្តថា៖ «សូមអរគុណពីបេះដូងរបស់ខ្ញុំ ចំពោះសារលើកទឹកចិត្ត និងការជូនពរទាំងអស់។ ជាថ្មីម្តងទៀត យើងបានរួបរួមជាតិទាំងមូល ហើយមានមោទនភាពយ៉ាងខ្លាំងដែលបានកើតជាជនជាតិអាហ្សង់ទីន។»

 

Messi ក៏បានអបអរសាទរក្រុមអេស្ប៉ាញផងដែរ ដោយសរសេរថា៖

«ខ្ញុំក៏សូមអបអរសាទរដល់អេស្ប៉ាញ ចំពោះការឈ្នះជើងឯកពិភពលោកផងដែរ»។

 

នៅក្នុងការប្រកួត World Cup ឆ្នាំ២០២៦ Messi បានបំបែកកំណត់ត្រា ១៦ គ្រាប់របស់ Miroslav Klose តាំងពីដើមការប្រកួត ហើយបញ្ចប់អាជីព World Cup របស់ខ្លួនដោយស៊ុតបានសរុប ២១ គ្រាប់។ ទោះជាយ៉ាងណា កំណត់ត្រានេះត្រូវបាន Kylian Mbappé បំបែក ដោយបញ្ចប់ជាមួយ ២២ គ្រាប់។ Mbappé ក៏បានឈ្នះស្បែកជើងមាស (Golden Boot) ដោយស៊ុតបាន ១០ គ្រាប់ ខណៈ Messi ស៊ុតបាន ៨ គ្រាប់ ក្នុងការប្រកួតឆ្នាំ២០២៦។

...

 

យោងតាម ESPN កាលពីថ្ងៃចន្ទ Messi និងមិត្តរួមក្រុមទាំងនៅជម្រើសជាតិ និងក្លិប Inter Miami គឺ Rodrigo De Paul នឹងខកខានការប្រកួត MLS ពីរលើកបន្ទាប់ និងមិនចូលរួមក្នុងការប្រកួត MLS All-Star ដើម្បីសម្រាក និងស្តារកម្លាំងឡើងវិញ បន្ទាប់ពីបញ្ចប់ World Cup៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print