ខេត្តកំពត÷ យោងតាមប្រភពពីស្នងការនគរបាលខេត្ត កំពត ដែលបានដកស្រង់ការសួរចម្លើយពីការិយាល័យជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៦នេះ បានឱ្យដឹងថា ជនសង្ស័យជាស្ត្រី ០២នាក់ម្តាយ -កូន ដែលជាប់ពាក់ពន្ធ័បទល្មើស :(ឆបោកប្រាក់តាមបច្ចេកវិទ្យា, Hack Facebook) របស់ជនរងគ្រោះកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង- ខេត្តកំពត បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ ស៊ូ យី ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត មានការខាតបង់ប្រាក់ចំនួន ៩.៩៩០០០០ រៀល (ប្រាំបួនលាន កៅសិបប្រាំបួនម៉ឺនរៀល) ។
ប្រភពឲ្យដឹងទៀតថា ក្រោយពីបានទទួលបណ្តឹងជនរងគ្រោះ កម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឃើញថាម្ចាស់គណនីធនាគារដែលទទួលប្រាក់ពីជនរងគ្រោះមាន ឈ្មោះ សុំ សុខា ហៅ( ខុំ) ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន ។
ប្រភពដដែលបានបន្តថថា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩ព្រឹក ក្រោយពីទទួលចំណារឯកភាពសំណើរសុំបើកការស៊ើបអង្កេតបឋមរបស់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត កំលាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពត បានសហការជាមួយកំលាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តប៉ៃលិន បាននាំខ្លួនជនសង្ស័យ ឈ្មោះ សុំ សុខា ហៅ( ខុំ) មកធ្វើការសាកសួរ ។
តាមចម្លើយសារភាព ឈ្មោះ សុំ សុខា ហៅ( ខុំ) កំលាំងសមត្ថកិច្ចបានបន្តនាំខ្លួន ឈ្មោះ ស៊រ សុខន ហៅ (យ៉ាន) ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាម្តាយ សុំ សុខា ហៅ( ខុំ) និងចាប់យកវត្ថុតាងទូរសព្ទ័ដៃដែលប្រើប្រាស់ប្រព្រឹត្តបទល្មើសចំនួន ០២គ្រឿងរួមមាន : ១- OPPO A3X ពណ៌ខ្មៅមាន IMEl 1: 863971072992710 . IMEl2: 863971072992702 ប្រើស៊ីមកាតលេខ 097 793 4657 មានស្រោមពណ៌ត្នោតជារបស់ ឈ្មោះ ស៊ត សុខន ។ ទី២- ម៉ាក IPHONE11 ពណ៌សមាន IMEl1: 356557102477659 IMEl: 12863971072992702 ប្រើស៊ីមលេខ 097 7934 657 មានស្រោមពណ៌ខ្មៅ ជារបស់ឈ្មោះ សុំ សុខា ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យ ០២នាក់ ម្តាយ- កូន បន្ទាប់សមត្ថកិច្ចជំនាញធ្វើការសាកសួរយ៉ាងម៉ត់ ចត់មក បានសារភាពពីការប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាលើជនរងគ្រោះពិតប្រាកដមែន ។ សេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច ការស៊ើបអង្កេតដែលធ្វើឡើងបានបង្ហាញឲ្យឃើញថា: ជនសង្ស័យចំនួន ០២នាក់: ទី១- ឈ្មោះ ស៊ត សុខន ហៅ (យ៉ាន) ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរ(អ្នករត់តុ), ទី២- ឈ្មោះ សុំ សុខា ហៅ( ខុំ )ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរ(ជំនួយការចុងភៅ) ។
ជនសង្ស័យទាំង២នាក់ ម្តាយ-កូន ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ រួចរាល់នៅរសៀលថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សុរិយា










