សមត្ថកិច្ចសហការគ្នាចាប់ជនដៃដល់សម្លាប់ស្ត្រីម្នាក់ក្នុងផ្ទះសំណាក់១កន្លែង នៅសង្កាត់ស្ទឹងមានជ័យទី ១ កាល៣ថ្ងៃមុន

ចែករំលែក៖

ភ្នំពេញ÷ ឃាតករ​ដែល​បាន​ខ្ទប់​ដង្ហើម​សម្លាប់​ស្ត្រី​ម្នាក់​បន្ទាប់​ពី​រួម​ភេទ​រួច​នៅផ្ទះ​សំណាក់​គ្រួសារ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​អធិការដ្ឋាន​នគរបាល​ស្រុក ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​រសៀល ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០២៦ នៅ​ចំណុច ផ្លូវលំ មុខ​ឃ្លាំ​ដាក់​ឡាន​VTS ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​ន​សែន​ជ័យ ។

ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១៧ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​គ្រួសារ បន្ទប់​២០៤ ជាន់​ទី​១ ភូមិ​ទ្រា​១ សង្កាត់​មាន​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី១៨​ខែកក្កដា​ ឆ្នាំ​២០២៦​។

ឃាតករ​ដៃដល់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ យ៉ង ស៊ា​ងខៃ ហៅ​អា​ខុ​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឃឿ​ន ផល​ឡៃ ភេទ​ស្រី អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ស​ន្ទិ​ច​លិច ឃុំ​ដង​កា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។

តាម​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ឃាតករ​រូប​នោះត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង អធិការដ្ឋាន​នគរបាល​ស្រុកស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង​ហើយ​ឈាន​ទៅ​ឃាត់ ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​នាំ​នារី​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់​រួច​ខ្ទប់​ដង្ហើម​សម្លាប់​ហើយ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦​។

តាម​បុគ្គលិក​ផ្ទះសំណាក់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda Beat ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ​ដឹក​ជន​រង​គ្រោះ​មក​ផ្ទះសំណាក់​ហើយ​ជួល​បន្ទប់ដេក​មួយ​យប់​។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​១២ និង​០០​នាទី ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ បុគ្គលិក​ផ្ទះសំណាក់​ក៏​បាន​បើកទ្វារ​សំអាត​បន្ទប់​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​លើ​ឥដ្ឋការ៉ូ​ជាប់​គ្រែ​រួច​ក៏​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​រាយការណ៍​ទៅ​សមត្ថកិច្ច​។

តាម​ព័ត៌មាន​បានឱ្យដឹង​ទៀត​ថា ជន​រង​គ្រោះ​និង​បុរស​ជា​ឃាតករ​ធ្លាប់​មាន​ទំនាក់ទំនង​គ្នា ហើយ​ក៏​បាន​នាំ​ជន​រង​គ្រោះ​មក​ផ្ទះសំណាក់​រួម​ភេទ​ហើយ​រួច សម្លាប់​ជន​រង​គ្រោះ​តែ​ម្ដង​។

តាម​ការ​ត្រួតពិនិត្យ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា ស្លាប់​ដោយ​ស្ទះដង្ហើម (​ឃាតកម្ម ខ្ទប់​ច្រមុះ មាត់​)​។​បន្ទាប់​ពី​មាន​ករណីឃាតកម្ម​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ធ្វើការ​ស្រាវជ្រាវ​ បាន​តែ​ពីរ​ថ្ងៃ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ឃាតករ​តែ​ម្ត​ង។​

ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា​ជន​ដៃដល់​មាន​គំនុំ​អ្វី​ជាមួយ​ជន​រង​គ្រោះ​ឡើយ​ដោយ ឃាតករ​រូប​នោះ​ពុំ​ទាន់​សារភាព​នៅឡើយ​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print