ភ្នំពេញ÷ ឃាតករដែលបានខ្ទប់ដង្ហើមសម្លាប់ស្ត្រីម្នាក់បន្ទាប់ពីរួមភេទរួចនៅផ្ទះសំណាក់គ្រួសារត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាល រាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង ស្រាវជ្រាវឃាត់ខ្លួនបានកាលពីរសៀល ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៦ នៅចំណុច ផ្លូវលំ មុខឃ្លាំដាក់ឡានVTS ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិនសែនជ័យ ។
ឃាតកម្មនេះបានកើតឡើងកាលពី វេលាម៉ោង១៧ និង២០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះសំណាក់គ្រួសារ បន្ទប់២០៤ ជាន់ទី១ ភូមិទ្រា១ សង្កាត់មានស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៦។
ឃាតករដៃដល់ដែលត្រូវឃាត់ខ្លួនឈ្មោះ យ៉ង ស៊ាងខៃ ហៅអាខុម ភេទប្រុស អាយុ២៦ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ឃឿន ផលឡៃ ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិសន្ទិចលិច ឃុំដងកា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងថា ឃាតកររូបនោះត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវហើយឈានទៅសហការជាមួយនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ និង អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងហើយឈានទៅឃាត់ ខ្លួនបន្ទាប់ពីធ្វើសកម្មភាពនាំនារីរងគ្រោះទៅដេកនៅផ្ទះសំណាក់រួចខ្ទប់ដង្ហើមសម្លាប់ហើយបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
តាមបុគ្គលិកផ្ទះសំណាក់បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកHonda Beat ពណ៌ខៀវ មិនចាំស្លាកលេខដឹកជនរងគ្រោះមកផ្ទះសំណាក់ហើយជួលបន្ទប់ដេកមួយយប់។ លុះនៅវេលាម៉ោងប្រហែល១២ និង០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកផ្ទះសំណាក់ក៏បានបើកទ្វារសំអាតបន្ទប់ស្រាប់តែឃើញជនរងគ្រោះស្លាប់នៅលើឥដ្ឋការ៉ូជាប់គ្រែរួចក៏ប្រាប់ម្ចាស់ផ្ទះសំណាក់រាយការណ៍ទៅសមត្ថកិច្ច។
តាមព័ត៌មានបានឱ្យដឹងទៀតថា ជនរងគ្រោះនិងបុរសជាឃាតករធ្លាប់មានទំនាក់ទំនងគ្នា ហើយក៏បាននាំជនរងគ្រោះមកផ្ទះសំណាក់រួមភេទហើយរួច សម្លាប់ជនរងគ្រោះតែម្ដង។
តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា ស្លាប់ដោយស្ទះដង្ហើម (ឃាតកម្ម ខ្ទប់ច្រមុះ មាត់)។បន្ទាប់ពីមានករណីឃាតកម្មកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវ បានតែពីរថ្ងៃហើយឈានទៅឃាត់ខ្លួនឃាតករតែម្តង។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថាជនដៃដល់មានគំនុំអ្វីជាមួយជនរងគ្រោះឡើយដោយ ឃាតកររូបនោះពុំទាន់សារភាពនៅឡើយ៕
ដោយ៖ សុរិយា










