ទីក្រុងម៉ានីល៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
ក្នុងជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលស្តែងចេញតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ព្រមទាំងការផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់។
លើសពីនេះទៅទៀត ឆ្នាំ២០២៧ កម្ពុជា និងអូស្ត្រាលី នឹងប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត ហើយធ្វើសកម្មភាពរួមគ្នាផ្សេងៗទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕
ដោយ៖តារា










