គណៈប្រតិភូអាមេរិក ផ្តោតលើការពង្រីកពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគ និងបើកឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនអាមេរិកដែលមានវត្តមាននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ មានកិត្តិយសយ៉ាងក្រៃលែងក្នុងការធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំ មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ២១–២២ ខែកក្កដា ដែលបានភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនអាមេរិកឈានមុខគេ មួយចំនួន ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើនឱកាសចូលទៅកាន់ទីផ្សារ និងការបង្កើតឱកាសថ្មីៗសម្រាប់ធុរកិច្ចអាមេរិក ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ នេះបេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

 

គណៈប្រតិភូនេះ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Brian McFeeters រួមមានតំណាងមកពីក្រុមហ៊ុនដែលធ្វើការក្នុងវិស័យសុខាភិបាល ឧស្សាហកម្មកែច្នៃ ថាមពល សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនទាំងនេះតំណាងឱ្យការផ្ដល់ជូនល្អៗពីអាមេរិក ដោយបានកំណត់ស្តង់ដារសកលសម្រាប់គុណភាព នវានុវត្តន៍ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ នៅពេលដែលក្រុមហ៊ុនអាមេរិកវិនិយោគ ឬធ្វើអាជីវកម្មនៅកម្ពុជា ពួកគេបង្កើតការងារ អភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងស្រុក និងពង្រឹងសហគមន៍ដែលពួកគេធ្វើប្រតិបត្តិការ។

 

សមាជិកគណៈប្រតិភូ និងថ្នាក់ដឹកនាំស្ថានទូតអាមេរិក បាននិងកំពុងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម សុខាភិបាល ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យា។

 

កិច្ចពិភាក្សាបានផ្តោតលើជំហានជាក់ស្តែងក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ពង្រឹងបរិយាកាសធុរកិច្ច និងបើកឱកាសថ្មីៗសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មអាមេរិក។ គណៈប្រតិភូក៏កំពុងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការដឹកជញ្ជូន និងភស្ដុភារ ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែកម្រ ដោយធានាបាននូវការផ្សារភ្ជាប់ទីផ្សារប្រកបដោយសមភាព និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ។

 

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក មានប្រសាសន៍ថា៖ «គណៈប្រតិភូរួមមានថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្ម ដែលតំណាងឱ្យនវានុវត្តន៍ដែលល្អបំផុតពីអាមេរិក ការវិនិយោគ និងសហគ្រិនភាពអាមេរិក។ ក្រុមហ៊ុនទាំងនេះបានធ្វើអាជីវកម្មនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនផ្សេងទៀតកំពុងស្វែងរកឱកាសថ្មីៗ។ រួមគ្នា ពួកគេបានឆ្លុះបញ្ចាំងពីកំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា»។

...

 

ស្ថានទូតអាមេរិក មានកិត្តិយសក្នុងការគាំទ្រក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងក្រុមហ៊ុនជាសមាជិកដែលបំណងចង់វិនិយោគ និងរីកលូតលាស់នៅកម្ពុជា។ ការកើនឡើងនូវវត្តមាននៃធុរកិច្ចអាមេរិក អាចពង្រីកឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្មកម្ពុជា នាំយកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនកម្ពុជា និងពង្រឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print