អ្នកបើកបរបានឈ្លក់ទឹកស្លាប់នៅក្នុងកាប៊ីន ក្រោយបើករថយន្តរេចង្កូតធ្លាក់ចូលក្នុងទឹកទន្លេមេគង្គ

ចែករំលែក៖

ខេត្តកណ្តាល ÷ តៃកុងបានជាប់នៅក្នុងកាប៊ីនឈ្លក់ទឹកស្លាប់ ក្រោយបើករថយន្តរេចង្កូតធ្លាក់ចូលក្នុងទឹកទន្លេ កាលពីវេលាម៉ោង ១៩និង៤៤នាទីថ្ងៃទី២១ ខែ កក្កដាឆ្នាំ២០២៦ នៅចំណុចទឹកទន្លេមេគង្គលើ ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានប្រាប់ឲ្យដឹងថា បុរសជាជនរងគ្រោះមាន ឈ្មោះ អ៉ឹង ហេងហេង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងរថយន្ត មានទីលំនៅក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបររថយន្តម៉ាក TOYOTA VIGO ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ចង្កូតស្តាំ TKH- 0002 ។

លោកអធិការបន្តទៀតថា យោងតាមការបំភ្លឺរបស់ឈ្មោះ សរ ចាន់សុខា មេជាងឡានត្រូវជាបងប្អូនជីដូនមួយនិង ឈ្មោះ យឿន យិភីង (ត្រូវជាសង្សារ) បានបញ្ជាក់ឲ្យដឹងថា÷ នៅមុនកើតហេតុ ជនរងគ្រោះបានសុំបងជីដូន មួយ បើករថយន្តតែម្នាក់ឯងចេញពីការ៉ាស់ ដើម្បីយកទៅឲ្យពូនៅខេត្តត្បូងឃ្មុំ ហើយនៅតាមផ្លូវ ជនរងគ្រោះបានឆាតតាមទូរសព្ទប្រាប់បងជីដូនមួយ និងឆាតប្រាប់សង្សារថា ខ្លួនងងុយដេក បានដេកតាមផ្លូវខ្លះ។

លុះដល់វេលាម៉ោង ១៤និង៤០នាទីថ្ងៃដដែលជនរង គ្រោះបានប្រាប់ថា រថយន្តជាន់លែងទៅមុខហើយ, ហើយក៏ត្រូវបើករថយន្តត្រឡប់មកការ៉ាស់ភ្នំពេញវិញ។ ពេលធ្វើដំណើរតាមផ្លូវជនរងគ្រោះបានឆាតប្រាប់សង្សាររបស់ខ្លួនជាបន្តបន្ទាប់។ ដល់វេលាម៉ោង ១៧:០០នាទី ជនរងគ្រោះបានប្រាប់មកសង្សារថាគាត់បានមកដល់ស្រុកពារាំងហើយ និងមកដល់ម៉ោង ១៧និង៤២នាទី សង្សាររបស់ជនរងគ្រោះបានមើល location ឃើញ location អត់ដើរ ហើយឆាតទៅជនរងគ្រោះអត់តប សង្សាររបស់ជនរងគ្រោះក៏បន្តរមើល location ទៀត រហូតដល់វេលាម៉ោង ១៩និង៣៩នាទី ឃើញ location ទូរស័ព្ទរបស់ជនរងគ្រោះ ស្ថិតនៅលើផ្លូវលេខ ៧០A ចំណុចកែង និងបន្តមើល location នៅវេលាម៉ោង ១៩និង៤៤ នាទី ឃើញ location ទូរស័ព្ទរបស់ជនរងគ្រោះនៅចំណុចកើតហេតុ ដោយ location ទូរស័ព្ទរបស់ជនរងគ្រោះលែងរំកិលទៅណា។

សង្សាររបស់ជនរងគ្រោះមានការ សង្ស័យថា ច្បាស់ជាមានបញ្ហាហើយ រួចក៏ប្រញាប់ធ្វើដំណើរមកតាម location ដល់កន្លែងកើតហេតុ។ ពេលមកដល់ឃើញប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅ កុះករនៅកន្លែងកើត ហេតុ ហើយឮប្រជាពលរដ្ឋនិយាយថា ជនរងគ្រោះបានបើករថយន្តធ្លាក់ចូលទឹកទន្លេលិចទាំងរថយន្ត ទាំងជនរងគ្រោះទៅបាត់ហើយ ។

នៅទីតាំងកើតហេតុ មានវត្តមានលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលខេត្តកណ្តាល កំពុងដឹកនាំមន្ត្រីក្រោមឱវាទ កម្លាំងសមត្ថកិច្ច រួមនិងប្រជាពលរដ្ឋ ចុះអន្តរាគមន៍មុជក្នុងទឹកយកខ្សែ ចងស្ទូចយករថយន្ត និងទាញយកសពជនរងគ្រោះឡើងមកលើគោក។ បន្ទាប់មកកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរ និងគ្រូពេទ្យបង្អែក ធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា សពជនរង គ្រោះមានវត្ថុរាវ(ទឹក)ហូរច្រាលចេញតាមច្រមុះ និងមាត់ នៅផ្នែកក្បាល ដងខ្លួន អវ:យ:វ: ពុំមានស្លាកស្នាមអ្វីគួរឱ្យគត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន របស់គ្រូពេទ្យ និងជំនាញ គឺសពជន រងគ្រោះស្លាប់ដោយសារបើករថយន្តធ្លាក់ចូលទឹកទន្លេរបណ្ដាលឱ្យលង់ស្លាប់ក្នុងរថយន្ត។ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅម្ដាយបង្កើតឈ្មោះ លឹម ស្រីអន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print