តម្លៃប្រេងឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្ដាហ៍ ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កាន់តែកើនឡើង

ចែករំលែក៖

តម្លៃប្រេងបានកើនឡើងជាង ១,៥% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៦ សប្ដាហ៍ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ខណៈក្រុមហ៊ូធី (Houthis) នៅយេម៉ែនបានកំណត់គោលដៅវាយប្រហារលើនាវាដឹកប្រេងនៅសមុទ្រក្រហម (Red Sea)។

 

ប្រេងឆៅ Brent បានកើនឡើង ១,៩៣ ដុល្លារ (២%) ដល់ ៩៦ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា។ មុននេះ វាបានបិទទីផ្សារនៅ ៩៤,០៧ ដុល្លារ/បារ៉ែល។

ចំណែកប្រេងឆៅអាមេរិក WTI បានកើនឡើង ១,៤៤ ដុល្លារ (១,៧%) ដល់ ៨៨,២៧ ដុល្លារ/បារ៉ែល បន្ទាប់ពីបានកើនជិត ៣% កាលពីថ្ងៃពុធ។

 

យោធាអាមេរិកបានប្រកាសថា ខ្លួនបានបន្តការវាយប្រហារជាលើកទី ១២ ជាប់ៗគ្នា លើអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី Donald Trump ព្រមានថា សហរដ្ឋអាមេរិកនឹងបំផ្លាញស្ពាន ឬរោងចក្រថាមពលរបស់អ៊ីរ៉ង់ រាល់ពេលដែលអ៊ីរ៉ង់បាញ់ប្រហារលើនាវានៅ ច្រកសមុទ្រ Hormuz។

 

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងថា នាវាដឹកប្រេងមួយបានឆេះបន្ទាប់ពីមានការផ្ទុះ ខណៈព្យាយាមឆ្លងកាត់ផ្លូវដែលមានមីននៅភាគខាងត្បូងនៃច្រក Hormuz ហើយនាវាដឹកប្រេងពីរផ្សេងទៀតបានបង្វែរទិសត្រឡប់ក្រោយ។

 

IRGC ក៏បានអះអាងថា ច្រក Hormuz ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបាន “បិទទាំងស្រុង” ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តប្រតិបត្តិការយោធាក្នុងតំបន់ ហើយព្រមានថា នាវាដឹកប្រេងទាំងអស់ត្រូវតែសម្របសម្រួលជាមួយអ៊ីរ៉ង់ មុនចូល ឬចាកចេញពីច្រកនេះ។

 

ទន្ទឹមនឹងនេះ ក្រុម Houthis ដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកសម្ពាធថ្មី ដោយគំរាមវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត នៅ ច្រក Bab el-Mandeb និងប្រកាសដាក់ “ការបិទផ្លូវសមុទ្រ” ចំពោះអារ៉ាប៊ីសាអូឌីត។

 

ក្រុម Houthis បានអះអាងថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតចំនួនពីរ ហើយរបាយការណ៍សន្តិសុខសមុទ្របានបញ្ជាក់ថា នាវាមួយឈ្មោះ Encelia ពិតជារងការវាយប្រហារនៅសមុទ្រក្រហម។

 

Houthis ក៏អះអាងថា ពួកគេបានបង្ខំឱ្យនាវាប្រហែល ១០ គ្រឿង បោះបង់ការធ្វើដំណើរ និងត្រឡប់ក្រោយ បន្ទាប់ពីបានព្រមានមិនឱ្យធ្វើដំណើរទៅកាន់កំពង់ផែរបស់អារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណា Reuters មិនទាន់អាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានទេ។

 

ការបិទផ្លូវសមុទ្ររបស់ Houthis និងការគំរាមបិទច្រក Hormuz ពីភាគីអ៊ីរ៉ង់ បានបង្កការព្រួយបារម្ភថា អាចរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

...

 

ចំពោះស្ថានភាពផ្គត់ផ្គង់ប្រេងរបស់សហរដ្ឋអាមេរិក រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឱ្យដឹងថា ស្តុកប្រេងឆៅបានកើនឡើង ២ លានបារ៉ែល កាលពីសប្ដាហ៍មុន ដោយសារការកែច្នៃប្រេងថយចុះ ការនាំចេញធ្លាក់ចុះ ខណៈការនាំចូលកើនឡើង។ នេះផ្ទុយពីការព្យាកររបស់អ្នកវិភាគដែលរំពឹងថា ស្តុកប្រេងនឹងថយចុះប្រហែល ១,១ លានបារ៉ែល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print