ភ្នំពេញ៖ លោក អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ ក្នុងជំនួបរវាងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ខណៈ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យយ៉ាងលឿនផង នោះ។
លោក អូលីវិយេ រីស្ហា បានបញ្ជាក់បែបនេះ ខណៈលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក អូលីវិយេ រីស្ហា បានមានប្រសាសន៍លើកឡើងថា៖ កាលពី៣០ឆ្នាំមុន លោក បានមករាជធានីភ្នំពេញម្តង បើប្រៀបធៀបរាជធានីភ្នំពេញ កាលពី៣០ឆ្នាំមុននិងពេលនេះ គឺខុសគ្នាខ្លាំងណាស់ រាជធានីភ្នំពេញ មានការផ្លាស់ប្តូរខ្លាំងនិងទំនើប។ បារាំងបានជួយកម្ពុជាច្រើន ដូចជា ៖ វិស័យទឹកស្អាត អគ្គីសនី និងវិស័យផ្សេងទៀត។ បារាំងនឹងនៅតែ បន្តសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស តាមរយៈ ទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា ដែល បាន និង កំពុង ពិភាក្សាលើបញ្ហាគ្រប់ទ្រងទឹកកខ្វក់នៅភាគ ខាងជើង រាជធានីភ្នំពេញ ហេីយ បើទោះជា ពេល នេះមិនទាន់ធ្វើកិច្ចសន្យាអ្វីបាន ប៉ុន្តែនឹងមានMoU មួយ មុននឹងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង មកធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងជំនួបសម្ដែងការគួសមនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ លើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ៣០ឆ្នាំកន្លងមកនេះ បារាំងបានជួយរាជធានីភ្នំពេញ ច្រើនទាំង បញ្ហាទឹកស្អាត អគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ បន្ថែមពីនេះបារាំងក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំង ក្នុងការនាំយកសន្តិភាពមកឱ្យកម្ពុជា តាមរយៈកិច្ចចរចារ សន្តិភាព នៅទីក្រុងប៉ារីស។ចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុង ដំណើរការ រៀបចំ កិច្ច ប្រជុំ កំពូល ហ្រ្វង់កូហ្វូនី ជាពិសេស សម្រាប់ លោកប្រធានាធិបតីបារាំងអេម៉ានុយអែលម៉ាក្រុងនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ គឺរដ្ឋបាលរាជធានីភ្នំ ពេញ បានត្រៀមរួចរាល់ហើយ៕.ដោយ សំរិត










