សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាលោកនឹងពិភាក្សាពីបញ្ញាសប្បនិម្មិត ឬ AI ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅពេលដែលមេដឹកនាំចិនធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា។
ការប្រកាសពីគម្រោងធ្វើដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំងកាលពីខែឧសភាកន្លងទៅ។ ក្នុងជំនួបនៅឯប៉េកាំង លោក ត្រាំ បានអញ្ជើញលោក ស៊ី ជីនពីងធ្វើទស្សនកិច្ចទៅកាន់សេតវិមាន។ «លោកប្រធានាធិបតី ស៊ី ជីនពីងនឹងធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា។ យើងធ្លាប់បានជជែកគ្នាអំពីវា ( បញ្ញាសប្បនិម្មិត ឬ AI) នៅពេលដែលខ្ញុំធ្វើទស្សនកិច្ចនៅប៉េកាំង ហើយយើងនឹងជជែកពីវាម្ដងទៀត»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានពិភាក្សាគ្នាផងដែរស្ដីពីតម្រូវការក្នុងការបញ្ជាក់ឱ្យច្បាស់ពីកិច្ចសហប្រតិបតិ្តការដែលនឹងបង្កើតជាមូលដ្ឋានសម្រាប់ការរៀបចំដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់សហរដ្ឋអាមេរិក ប្រកបដោយភាពវិជ្ជមាន៕

រូបថត: AP









