ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) ដោយមានការចូលរួមពីតំណាងស្ថានទូតអាម៉េរិក និងតំណាងក្រុមហ៊ុនអាម៉េរិកធំៗចំនួន ១៣ ដូចជា Ford Motor, Coca-Cola, Mastercard, VISA, Target, Abbott និង Roche ជាដើម។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ច ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៥ កន្លងទៅសម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាម៉េរិក ខណៈទុនវិនិយោគពីអាម៉េរិកកើនដល់ប្រមាណ ១ ប៊ីលានដុល្លារ ហើយកម្ពុជានៅតែបន្តបើកទ្វារស្វាគមន៍ការវិនិយោគលើវិស័យអាទិភាពដូចជា កសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗតាមរយៈយន្តការ «ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
នាឱកាសនោះផងដែរ ឯកអគ្គរដ្ឋទូត Brian D. McFeeters បានសន្យថានឹងពាំនាំព័ត៌មានពីបរិយាកាសធុរកិច្ចដ៏ល្អនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។
ទន្ទឹមនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ US-ABC និងភាគីអាម៉េរិក ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕
ដោយ៖តារា










