រដ្ឋមន្ត្រីក្រសួងព័ត៌មាន រំលឹកពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកំរោលកាលពី១ឆ្នាំកន្លងទៅ

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងរំលឹកពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកំរោលកាលពី១ឆ្នាំកន្លងទៅ ។

 

ជាក់ស្ដែងយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម៖

 

ដំណើរឆ្ពោះទៅការចងចាំថ្ងៃចាប់ផ្តើមសកម្មភាពឈ្លាន ពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥

 

សាលារៀនដែលត្រូវបានកម្ទេច៖ ស្នាមរបួសលើអនាគតកុមារកម្ពុជា

 

សាលារៀនមួយក្នុងខេត្តឧត្តរមានជ័យត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងធុនធ្ងន់របស់យោធាថៃក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។

 

សាលារៀនគឺជាកន្លែងបណ្តុះចំណេះដឹង គុណធម៌ ក្តីសង្ឃឹមនិងអនាគតរបស់កុមារ។ ថ្នាក់រៀនគួរតែពោរ ពេញដោយសំឡេងអានសៀវភៅនិងសំណើចរបស់សិស្ស មិនមែនដោយសំឡេងផ្ទុះនៃគ្រាប់កាំភ្លើងនិងគ្រាប់ផ្លោងឡើយ។

 

ការបាញ់ផ្លោងកម្ទេចសាលារៀនមួយមិនមែនគ្រាន់តែជាការបំផ្លាញអគារមួយខ្នងនោះទេ ប៉ុន្តែជាការបំផ្លាញសិទ្ធិកុមារក្នុងការទទួលបានការអប់រំ បំផ្លាញសុវត្ថិភាពរបស់សហគមន៍និងបង្កស្នាមរបួសយ៉ាងជ្រៅលើអនាគតរបស់កុមារកម្ពុជា។

 

រូបភាពនៃសាលារៀនដែលបាក់បែកនេះ គឺជាភស្តុតាងដ៏ឈឺចាប់នៃផលវិបាកដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធាដោយមិនគិតពីសុវត្ថិភាពរបស់ជនស៊ីវិល។ វាក៏ជាការរំឭកថា សង្គ្រាមមិនត្រឹមតែបំផ្លាញជញ្ជាំងនិងដំបូលសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែវាបំផ្លាញក្តីសុបិននិងអនាគតរបស់កុមារជាច្រើនជំនាន់។

...

 

គ្រាប់ផ្លោងអាចកម្ទេចអគារសាលារៀនបាន ប៉ុន្តែមិនអាចកម្ទេចសេចក្តីពិត ការចងចាំ និងឆន្ទៈរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព សន្តិភាព និងអនាគតកូនចៅរបស់ខ្លួនបានឡើយ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print