ភ្នំពេញ៖ យោងតាមទីភ្នាក់ងារ AKP នៃក្រសួងព័ត៍មាន បានចុះផ្សាយនៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៦នេះថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបសម្តែងការគួរសម ជាមួយ លោក តូ ឡឹម (TO Lam) អគ្គលេខាធិការបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និង ជួបសម្តែងការគួរសម ជាមួយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ។
ជាមួយគ្នានេះ ក្នុងកម្រិតគណៈកម្មការជំនាញនៃរដ្ឋសភាប្រទេសទាំងពីរ សមាជិកគណៈប្រតិភូដែលអមដំណើរសម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីវៀតណាម ក្នុងការចែករំលែកព័ត៌មាន ផ្លាស់ប្តូរបទពិសោធជាមួយគ្នាផងដែរ។
ក្រៅពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងអញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗ រួមមានតំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ក៍ដូចជាដើម្បីពង្រឹងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សេវាសុខាភិបាល សំដៅបម្រើឧត្តមប្រយោជន៍ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបន្ថែមទៀត៕ដោយ៖តារា










