លួចម៉ូតូក្នុងមន្ទីរពេទ្យពោធិ៍ចិនតុងគេចខ្លួនបានមួយសប្តាហ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពួកគេធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងចេញពីបរិវេនមន្ទីរពេទ្យបង្អែកពោធិចិនតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣ និង ៣០នាទីទាបភ្លឺ ។

ជនសង្ស័យទី១ ឈ្មោះ ឈិត ដារ៉ាពៅ ហៅក្រៅ អាតឿ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

ទី២ ឈ្មោះ ថន វីរះបុត្រ ហៅក្រៅ អាភស្សី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១៦D ក្រុម១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ (អ្នកទាំងពីរឃាត់ខ្លួនថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង ៣០នាទី)
វត្ថុតាងចាប់យក ៖ ១/ ម៉ូតូ ០១គ្រឿង ម៉ាក MSX គ្មានស្លាកលេខ, ២/ ដាវកែច្នៃចំនួន ០១ដើម (ជារបស់ជន សង្ស័យឈ្មោះ ឈិត ដារ៉ាពៅ ហៅក្រៅ អាតឿ), ៣/ ស្លាកលេខម៉ូតូ មានលេខភ្នំពេញ 1LY.9631 ចំនួន ០១ ស្លាក (ជារបស់ជនរងគ្រោះ)

ចំណែកជនរងគ្រោះ ឈ្មោះ សំ ម៉ាត់ណូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូ ដែលជនសង្ស័យលួចនោះ ម៉ាកហុងឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៦ ស្លាកលេខ ភ្នំពេញ 1LY.9631 ។

យោងតាមការបញ្ជាក់របស់ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនដូចបានរៀបរាប់ខាងលើ ចេញពីបន្ទប់ជួលរបស់ខ្លួនដឹកប្រពន្ធមកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ស្ថិតនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ពេលមកដល់ជនរង គ្រោះបានទុកម៉ូតូនៅខាងមុខអាគារអ្នកជំងឺសម្រាក ដោយជនរងគ្រោះបានចាក់សោរករម៉ូតូបានត្រឹមត្រូវ ហើយក៏បាន ចូលទៅខាងក្នុងមើលប្រពន្ធ លុះដល់ម៉ោងប្រហែល ០២ និង ០០នាទីឈានចូលថ្ងៃទី១៨ ខែឆ្នាំដដែល ជនរងគ្រោះ បានចេញមកមើលម៉ូតូ ហើយឃើញថាម៉ូតូនៅកន្លែងដដែល ទើបជនរងគ្រោះបានចូលទៅខាងក្នុងវិញ លុះដល់ម៉ោងប្រហែល០៤ និង ០០នាទីទាបភ្លឺ ជនរងគ្រោះបានចេញមកមើលម៉ូតូម្តងទៀត ពេលនោះក៏ស្រាប់តែបាត់ម៉ូតូតែម្តង ដោយមិនដឹងជាត្រូវគេលួចពីពេលណានោះទេ ទើបក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ នគរបាលសង្កាត់កាកាបទី១ តែម្តង ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចយើង ក៏បាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ លុះរហូតដល់ ថ្ងៃទី២៤ ខែឆ្នាំដដែល វេលាម៉ោងប្រហែល ០៩ និង ៣០នាទីព្រឹក កម្លាំងសមត្ថកិច្ចយើងក៏បានស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឈិត ដារ៉ាពៅ ហៅក្រៅ អាតឿ ដែលកំពុងធ្វើដំនើរនៅតាម បណ្តោយផ្លូវរថភ្លើង ស្ថិតនៅភូមិតាងួន២ និង បានរកឃើញដាវកែច្នៃ ចំនួន ០១ដើម នៅជាប់និងខ្លួនរបស់ជន សង្ស័យ ហើយសមត្ថកិច្ចយើងក៏បាននាំជនសង្ស័យ មកកាន់ទីស្នាក់ការប៉ុស្តិដើម្បីសួរនាំ ហើយជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។ ពេលលួចបានហើយ ជនសង្ស័យឈ្មោះ ឈិត ដារ៉ាពៅ ហៅក្រៅ អាតឿ បានទៅយកជនសង្ស័យ ឈ្មោះ ថន វីរះបុត្រ ហៅក្រៅ អាភស្សី ហើយបាននាំគ្នាជិះទៅ កន្លែងស្ងាត់កាច់ស្លាកលេខម៉ូតូបោះចោល និងបាននាំគ្នាយកម៉ូតូទៅលក់ បន្ទាប់មកសមត្ថិកិច្ច ក៏បានបន្ត ស្រាវជ្រាវចុះទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះថន វីរះបុត្រ ហៅក្រៅ អាភស្សី មកប៉ុស្តិកាកាបទី១ ដើម្បីធ្វើការសាក សួរ ក្រោយពីបានសាកសួរចប់ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាព ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាង គឺត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print