ភ្នំពេញ ៖ ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ។
បើយោងតាមមាត្រា២ នៃព្រះរាជក្រឹត្យបានចែងថា ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយ។
លែងមានហើយបំរាមសម្រាប់ការចាកចេញក្រៅប្រទេស ពោលនៅពេលនេះ លោក កឹម សុខា អាចធ្វើដំណើរចាកចេញក្រៅប្រទេសបានហើយ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ លោក កឹម សុខា ទទួលបានការលើកលែងទោសម្តងរួចមកហើយ។ តែប្រោសព្រះរាជទានទោសកាលនោះ គឺសម្រាប់តែការជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំប៉ុណ្ណោះ តែទោសហាមឃាត់ចេញក្រៅប្រទេស និងការហាមឃាត់ធ្វើនយោបាយ មិនត្រូវបានលើកលែងនោះឡើយ។
តែព្រះរាជទានលើកលែងទោសនៅថ្ងៃទី២៤ ខែកក្កដា ដោយមានការទូលថ្វាយពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ព្រះមហាក្សត្រ បានបញ្ចប់ការហាមឃាត់សម្រាប់ការចេញទៅក្រៅប្រទេស។ ដូច្នេះនៅពេលនេះ លោក កឹម សុខា នៅតែទោសមួយទៀតប៉ុណ្ណោះ គឺទោសហាមឃាត់ធ្វើនយោបាយ៕










