សិង្ហបូរី បានចាត់បញ្ជូននាយទាហានប្តូនវេនចំនួនពីររូបគឺ​ ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដឹកនាំដោយប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ​សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបូរី ដែលបានចាត់បញ្ជូននាយទាហានប្តូនវេនចំនួនពីររូបគឺ វរសេនីយ៍ត្រី Lim Jun Da និង ព្រិន្ទបាលឯក Tan Jun Wei ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print