ភ្នំពេញ÷ ជនសង្ស័យចំនួន០២ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន កាលពីរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ ក្រោយពួកគេធ្វេីសកម្មភាពលួចយកម៉ូតូ១គ្រឿង ចេញ ពីបរិវេណមន្ទីរពេទ្យបង្អែកពោធិចិនតុង ស្ថិតក្នុងភូមិ
តាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល០៣និង៣០នាទីទាបភ្លឺ ។
ជនសង្ស័យទាំង០២ នាក់ឈ្មោះ ១- ឈ្មោះ ឈិត ដារ៉ាពៅ ហៅ (អាតឿ )ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) និង២- ឈ្មោះ ថន វីរះបុត្រ ហៅ (ភស្សី ) ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ (មិនពិតប្រាកដ) ស្នាក់នៅផ្ទះ លេខ១៦D ក្រុម១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ទាំង០២ឃាត់ខ្លួនថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥ :៣០នាទី រសៀល។
វត្ថុរាវចាប់យករួមមាន :
១- ម៉ូតូ ០១គ្រឿង ម៉ាក MSX (គ្មានស្លាកលេខ) ។
២- ដាវកែច្នៃចំនួន ០១ដើម (ជារបស់ជន សង្ស័យឈ្មោះ ឈិត ដារ៉ាពៅ ហៅ (អាតឿ) ។
៣- ស្លាកលេខម៉ូតូ មានលេខភ្នំពេញ 1LY.9631 ចំនួន ០១ ស្លាក (ជារបស់ជនរងគ្រោះ)។
ចំណែកជនរងគ្រោះ ឈ្មោះ សំ ម៉ាត់ណូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម៉ូតូ ដែលជនសង្ស័យលួចនោះ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០២៦ ស្លាកលេខ ភ្នំពេញ 1LY.9631 ។
តាមការបញ្ជាក់របស់ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ខ្លួនបានជិះម៉ូតូ ចេញពីបន្ទប់ជួលរបស់ខ្លួន ដឹកប្រពន្ធមកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិចិនតុង។ ពេលមក ដល់ជនរង គ្រោះបានទុកម៉ូតូនៅខាងមុខអាគារអ្នកជំងឺសម្រាក ដោយបានចាក់សោរក.ម៉ូតូបានត្រឹមត្រូវ ហើយ ក៏បាន ចូលទៅខាងក្នុងមើលប្រពន្ធ។ លុះដល់ម៉ោងប្រហែល ០២: ០០នាទីឈានចូលថ្ងៃទី ១៨ ខែឆ្នាំដដែលខ្លួនបានចេញមកមើលម៉ូតូ ហើយឃើញ ម៉ូតូនៅកន្លែងដដែល ទើបបានចូលទៅខាងក្នុងវិញ។
លុះដល់ម៉ោងប្រហែល០៤ទាបភ្លឺ ជនរងគ្រោះបានចេញមកមើលម៉ូតូម្តងទៀត ពេលនោះក៏ស្រាប់តែបាត់ម៉ូតូតែម្តង។ ដោយមិនដឹងជាត្រូវគេលួចពីពេលណានោះទេ ទើបក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ តែម្តង។ ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងសមត្ថកិច្ច ក៏បាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ។
លុះរហូតដល់ ថ្ងៃទី ២៤ ខែឆ្នាំដដែល វេលាម៉ោងប្រហែល ០៩: ៣០នាទីព្រឹក កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ឈិត ដារ៉ាពៅ ហៅ អាតឿ ដែលកំពុងធ្វើដំណេីរនៅតាម បណ្តោយផ្លូវរថភ្លើងស្ថិតនៅ
ភូមិតាងួន២ និង បានរកឃើញដាវកែច្នៃ ចំនួន ០១ដើម នៅជាប់និងខ្លួនរបស់ជនសង្ស័យ ។ ហើយសមត្ថកិច្ច ក៏បាននាំជនសង្ស័យ មកកាន់ទីស្នាក់ការប៉ុស្តិ៍ ដើម្បីសួរនាំ។
ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចកាច់ក.ម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។ ពេលលួចបានហើយ ជនសង្ស័យ ឈ្មោះ ឈិត ដារ៉ាពៅ ហៅអាតឿបានទៅយកជនសង្ស័យ ឈ្មោះ ថន វីរះបុត្រ ហៅ អាភស្សីហើយបាននាំគ្នាជិះទៅ កន្លែងស្ងាត់កាច់ស្លាកលេខម៉ូតូបោះចោល និងបាននាំគ្នាយកម៉ូតូទៅលក់។
បន្ទាប់មកសមត្ថិកិច្ច ក៏បានបន្ត ស្រាវជ្រាវចុះទៅឃាត់ ខ្លួនជនសង្ស័យ ឈ្មោះថន វីរះបុត្រ ហៅ (អាភស្សី) មកប៉ុស្តិ័កាកាបទី១ ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរចប់ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ ខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់ក.ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត តាមនីតិវិធី ៕
ដោយ៖ សុរិយា










