អភិបាលខេត្តពោធិ៍សាត់៖ អនុវត្តយុទ្ធសាស្ត្របែងចែកទឹក និងផ្អាកបូមជាបណ្ដោះអាសន្នជួយកសិករខ្វះខាត ស្រូវជាង២ម៉ឺនហិកតា នឹងត្រូវសង្គ្រោះទាន់ពេល!

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រយៈពេល​ពីរថ្ងៃ​ ពោលគឺ​នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦​ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក លឹម សុខតូ អភិបាលរងខេត្ត ទទួលបន្ទុកកសិកម្ម ធនធានទឹក និងគ្រោះមហន្តរាយ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក តាមប្រឡាយមេដំណាក់អំពិល និងប្រឡាយរងនានា ព្រមទាំងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើកិច្ចការអន្តរាគមន៍ទឹក ពីទំនប់ទី៣ និង៥ ក្នុងគោលបំណងសង្គ្រោះដំណាំស្រូវវស្សារបស់ប្រជាកសិករ ក្នុងស្រុកបាកាន ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ដោយសារតែកូនរដូវប្រាំង និងការទទួលរងនូវឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Niño)។

យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន ស្ថានភាពគ្រោះរាំងស្ងួតនាពេលនេះ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករ ក្នុងស្រុកបាកាន ជាង២ម៉ឺនហិកតា ពិសេសឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅឃុំមេទឹក, ឃុំអូរតាប៉ោង, ឃុំស្វាយដូនកែវ និងឃុំបឹងខ្នារ។ ដោយឡែក នៅស្រុកកណ្តៀង លោកអភិបាលខេត្តក៏បានចាត់ចែងអន្តរាគមន៍ទឹកមួយចំនួនធំរួចមកហើយ ដើម្បីជួយសង្គ្រោះស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាក់ស្តែងក្រោយពីបានចុះពិនិត្យទីតាំងខាងលើនេះ លោក​ ខូយ រីដា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រើប្រាស់រាល់មធ្យោបាយដើម្បីបង្វែរប្រភពទឹកពីប្រឡាយមេដំណាក់អំពិល ចូលទៅក្នុងប្រឡាយរង និងប្រឡាយក្អែបឱ្យបានទាន់ពេលវេលា។

នាឱកាសនោះ​ដែរ លោកអភិបាលខេត្ត​រូបនេះ​ បានដាក់បទបញ្ជាយ៉ាងជាក់លាក់ថា សម្រាប់គ្រប់តំបន់ដីស្រែនៅជិតប្រភពទឹក ដែលមានទឹកគ្រប់គ្រាន់ សូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ ផ្អាកការបូមទឹកជាបណ្ដោះអាសន្ន ដោយត្រូវបែងចែក និងបង្វែរទឹកផ្ដល់ជាអាទិភាពដល់បងប្អូនប្រជាកសិករនៅតំបន់ឆ្ងាយ ដែលកំពុងខ្វះខាតទឹកស្រោចស្រពក្នុងកម្រិតធ្ងន់ធ្ងរ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនកសិករទាំងអស់ ឱ្យចេះប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃ ចែករំលែកគ្នាដោយស្មើភាព និងមានតម្លាភាព។

បន្ថែមពីលើនេះ លោកបានប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ ដើម្បីធានាថាស្រែដែលប្រឈមទាំងអស់ទទួលបានទឹកគ្រប់គ្រាន់ ជៀសវាងការខូចខាតផលដំណាំ។
យោងតាមការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តពោធិ៍សាត់ បងប្អូនប្រជាពលរដ្ឋនឹងមិនប្រឈមគ្រោះរាំងស្ងួតបន្តទៀតនោះទេ ផ្ទុយទៅវិញ គឺនឹងមានឱកាសភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ។

...

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងចុះអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រឈមខ្លាំងក្នុងអំឡុងកូនរដូវប្រាំង និងការទទួលរងឥទ្ធិពលពីបាតុភូតអែលនីញ៉ូ (El Niño) កន្លងមកនេះ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print