ប្រធានាធិបតីអ៊ុយក្រែន គឺជាប្រមុខរដ្ឋបរទេសដំបូងគេ ដែលត្រូវបានទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnham នឹងទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទនេះ ដោយប្រើប្រាស់ជំនួបលើកដំបូងរបស់លោក ជាមួយមេដឹកនាំបរទេស ចាប់តាំងពីចូលកាន់តំណែង ដើម្បីបញ្ជាក់ពី «ការគាំទ្រមិនរង្គោះរង្គើ» របស់ទីក្រុងឡុងដ៍ ចំពោះទីក្រុងកៀវ។

ទស្សនកិច្ចនេះកើតមានឡើង មុនការធ្វើដំណើររបស់លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលមេដឹកនាំអ៊ុយក្រែនរូបនេះ កំពុងព្យាយាមជំរុញឱ្យឈានដល់ការបិទបញ្ចប់សង្គ្រាមរយៈពេលជាង៤ឆ្នាំជាមួយរុស្ស៊ី។ លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងបន្តអំពាវនាវឱ្យសម្ព័ន្ធមិត្ត ជួយពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ស្របពេលដែលទាំងទីក្រុងម៉ូស្គូនិងទីក្រុងកៀវ បង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក ដោយយន្តហោះដ្រូននិងមីស៊ីល។ ការចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីដោះស្រាយជម្លោះ បានជាប់គាំងចាប់តាំងពីការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបង្វែរទៅរកសង្គ្រាមអ៉ីរ៉ង់។
ការិយាល័យ Downing Street របស់នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី លោក Burnham នឹងប្តេជ្ញាបន្តចំណងទាក់ទងមិនអាចបំបែកបានរវាងប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងពីអ្វីដែលមេដឹកនាំអង់គ្លេសថ្មីរូបនេះ បានប្រាប់ទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទសប្តាហ៍មុន ត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីលោកឡើងកាន់តំណែង ជំនួសអតីតនាយករដ្ឋមន្រ្តី Keir Starmer។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើ លោក Burnham ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែកក្កដា នឹងប្តេជ្ញាថា «ចក្រភពអង់គ្លេសឈរនៅជាមួយអ៊ុយក្រែន ស្មាទល់ស្មា ហើយការគាំទ្ររបស់យើងនៅតែមិនរង្គោះរង្គើ។ រុស្ស៊ីមិនគួរមានមន្ទិលសង្ស័ួយនោះឡើយ អំពីការប្តេជ្ញាចិត្តរបស់យើង ហើយយើងនឹងមិនថយក្រោយដាច់ខាត រហូតទាល់តែយើងសម្រេចបានសន្តិភាពយូរអង្វែង និងយុត្តិធម៌សម្រាប់អ៊ុយក្រែន»។
Downing Street បានកត់សម្គាល់ថា ការគាំទ្រសរុបរបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន បានឈានដល់ទំហំទឹកប្រាក់ ២៥ពាន់លានផោន (៣៣ពាន់លានដុល្លារ) គិតចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីជាងបួនឆ្នាំមុន ក្នុងនោះ ១៦ពាន់លានផោន គឺក្នុងទម្រង់ជាការផ្តល់ជំនួយយោធាដោយផ្ទាល់៕

រូប​ថត​:xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print