ខេត្តស្វាយរៀង: កម្លាំងនគរបាល ខេត្តស្វាយរៀង ចុះស្រាវជ្រាវ បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ជនសង្ស័យ ចំនួន ០៨នាក់នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល ជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ។
បានចុះធ្វើការស្រាវជ្រាវ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចវីឡាជួល ស្ថិតនៅនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨នាក់ ស្រី ០៣នាក់ ជាជនជាតិវៀតណាម ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើស ក្រុមការងារបានបិទសុីល ទីតាំងបណ្ដោះអាសន្ន។










