ឯកឧត្តម ស សុខា បំផុសយុវជនចូលរួមសិក្ខាសាលា ស.ស.យ.ក. បន្តចែករំលែកចំណេះដឹងទៅកាន់យុវជនផ្សេងទៀត ទាំងលើបណ្ដាញសង្គម និងសហគមន៍

ចែករំលែក៖

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ រៀបចំនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ សហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញយុវជនចូលរួមចែករំលែកចំណេះដឹង និងបទពិសោធទទួលបានពីការរៀបចំសិក្ខាសាលារបស់ ស.ស.យ.ក. ដល់យុវជនដទៃទៀតក្នុងសហគមន៍ និងលើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីពង្រីកផលវិជ្ជមានក្នុងសង្គម។

ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ស.ស.យ.ក បានបង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់(ក.យ.គ) ដើម្បីប្រមូលផ្តុំកម្លាំងយុវជន ជាបញ្ញវន្ត ក្នុងការពង្រីកបណ្តាញ និងបង្កើតវេទិកាសម្រាប់យុវជនចូលរួមរៀនសូត្រ ផ្លាស់ប្តូរបទពិសោធ អភិវឌ្ឍសមត្ថភាព និងចូលរួមចំណែកកសាងសង្គមជាតិ ជាក់ស្ដែងការរៀបចំសិក្ខាសាលានាថ្ងៃនេះ ជាដើម ដោយមានយុវជនចូលរួមរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។

ឯកឧត្តម ស សុខា មានប្រសាសន៍ទៀតថា ជាក់ស្ដែងសិក្ខាសាលានេះ នឹងជួយតម្រង់ទិស និងពង្រឹងសមត្ថភាពដល់យុវជន ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលនៃទីផ្សារការងារសម័យទំនើប ព្រមទាំងរួមចំណែកជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ។ ក្នុងន័យនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ ក្រសោបយកចំណេះដឹង និងបទពិសោធពីវាគ្មិន យកទៅអនុវត្តផ្ទាល់ក្នុងការសិក្សា ការរៀបចំផែនការអាជីព និងការអភិវឌ្ឍខ្លួន។ 

សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពី ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ មានអ្នកចូលរួមសរុបចំនួនប្រមាណ ១.៣០០នាក់ និងធ្វើបទបង្ហាញដោយ ឯកឧត្តម ហេង សួរ អនុប្រធាន ក.យ.គ.។ សិក្ខាសាលានេះ មានគោលបំណង ផ្សព្វផ្សាយ ផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការធ្វើបរិវត្តកម្ម និងកសាងកម្លាំងពលកម្មកម្ពុជាឱ្យមានជំនាញខ្ពស់ ប្រកបដោយភាពប្រកួតប្រជែងក្នុងសម័យឌីជីថល ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print