ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលស្នូរគ្រាប់កាំភ្លើងនៅតែបន្តលាន់ឮតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅក្នុងភាពភ័យខ្លាច គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងបេសកកម្មដ៏ធ្ងន់ធ្ងរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត គឺការចរចាស្វែងរកបទឈប់បាញ់ និងបញ្ចប់ការបង្ហូរឈាមរវាងកម្ពុជា និងថៃ។
នៅពេលនោះ ស្ថានការណ៍មានភាពតានតឹង និងស្មុគស្មាញយ៉ាងខ្លាំង។ ការប្រយុទ្ធបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ ការខូចខាតកាន់តែរីកធំ ហើយការស្វែងរកច្រកចេញតាមផ្លូវការទូតហាក់ដូចជាមិនមានភាពប្រាកដប្រជា។ មុនពេលគណៈប្រតិភូចេញដំណើរ មនុស្សជាច្រើនមិនហ៊ានរំពឹងថា កិច្ចចរចានោះនឹងអាចនាំមកនូវបទឈប់បាញ់ភ្លាមៗបានឡើយ។
ប៉ុន្តែដោយសារភាពឈ្លាសវៃ ទេពកោសល្យ ភាពអត់ធ្មត់ និងសមត្ថភាពដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំកិច្ចចរចា និងការការពារយ៉ាងមុតមាំនូវផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ កិច្ចចរចាដ៏លំបាកនេះបានបង្កើតលទ្ធផលជាប្រវត្តិសាស្ត្រ។
ក្រោមការសម្របសម្រួលប្រកបដោយការទទួលខុសត្រូវរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងការគាំទ្ររបស់សហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន កម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដោយកំណត់ឱ្យចូលជាធរមាននៅម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងត្រឹមតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារប្រដាប់អាវុធរបស់ថៃមកលើទឹកដីកម្ពុជា។ វាមិនមែនគ្រាន់តែជាការបញ្ឈប់ស្នូរគ្រាប់កាំភ្លើងនោះទេ ប៉ុន្តែជាការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកាត់បន្ថយទុក្ខវេទនារបស់ជនស៊ីវិល និងការបើកផ្លូវឱ្យការដោះស្រាយបញ្ហាបន្តតាមរយៈមធ្យោបាយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ។
បេសកកម្មថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម និងតែងតែជ្រើសរើសការចរចាជំនួសការប្រឈមមុខដោយអាវុធ។ ទន្ទឹមនឹងនេះ វាក៏បានបញ្ជាក់ពីភាពជាអ្នកដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ ភាពក្លាហាន និងចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបម្លែងស្ថានការណ៍ដ៏គ្រោះថ្នាក់ និងស្ទើរតែគ្មានក្តីសង្ឃឹម ឱ្យក្លាយជាឱកាសសម្រាប់សន្តិភាព។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះ មិនមែនគ្រាន់តែជាថ្ងៃនៃការធ្វើដំណើរទៅកាន់តុចរចានោះឡើយ ប៉ុន្តែជាថ្ងៃដែលឆន្ទៈនៃសន្តិភាពបានយកឈ្នះលើភាសាអាវុធ ជាថ្ងៃដែលការទូតបានរួមចំណែកសង្គ្រោះជីវិត និងជាថ្ងៃដែលប្រវត្តិសាស្ត្របានកត់ត្រាពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការការពារជាតិ ប្រជាជន និងសន្តិភាពដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់បំផុត៕ដោយ៖តារា










