ខេត្តកំពត÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត និងម៉ូតូ បានកើតឡើងបណ្ដាលឱ្យមន្ត្រីបម្រើ
ការងារនៅធនាគារអេស៊ីលីដាម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៦:២០ នាទីព្រឹកព្រលឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាបុគ្គលិកធនាគារអេស៊ីលីដា បានជិះម៉ូតូ១គ្រឿងក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត១គ្រឿងបើកបរក្នុងទិសដៅច្រាស ទិសគ្នា (ពីត្បូងទៅជើង) បានជ្រុលទៅបុកម៉ូតូរបស់មន្ត្រីធនាគាររូបនោះយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋរស់នៅជិតខាង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ វាស់វែង និងសម្រួលចរាចរណ៍។ ចំពោះវត្ថុតាងពាក់ព័ន្ធទាំងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ជាបណ្ដោះ អាសន្ន ដើម្បីរង់ចាំការចាត់ការ និងដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់៕
ដោយ៖ សុរិយា










