រដ្ឋាភិបាលកំពុងបន្តធ្វើការវាស់វែង ការកំណត់ព្រំ ការចុះបញ្ជីក្បាលដី និងការចែកបណ្ណដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ខណៈទិសដៅរបស់រដ្ឋាភិបាលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ 

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជាបានបញ្ជាក់ជាថ្មីថា ៖ រដ្ឋាភិបាលកំពុងបន្តធ្វើការវាស់វែង ការកំណត់ព្រំ ការចុះបញ្ជីក្បាលដី និងការចែកបណ្ណដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ខណៈទិសដៅរបស់រដ្ឋាភិបាលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ ដូច្នេះត្រូវខិតខំធ្វើឱ្យបានដែលនេះគឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល។

 

សម្ដេចធិបតី បានលើកឡើងថា ៖ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលនៅតែទទួលស្គាល់ថា យើងនៅមានបញ្ហាដែលត្រូវកែសម្រួល ព្រោះរឿងពេលខ្លះមិនអាចកែមួយថ្ងៃទេ ប៉ុន្ដែសំខាន់យើងក្ដាប់បាននូវបញ្ហា ហើយដោះស្រាយជាបណ្ដើៗដើម្បីក្នុងគោលដៅធ្វើយ៉ាណាឱ្យប្រជាជនមានបណ្ណដីធ្លីគ្រប់គ្រាន់ ជាពិសេសការបញ្ជាក់នៅព្រំដីកុំឱ្យមានបញ្ហាតទៅទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកការវាស់វែង ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺជាសេវាចាំបាច់ ដែលក្រសួង ស្ថាប័នដែលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី បន្តថា ៖ ដើម្បីបញ្ចប់បញ្ហា ឬបង្ការកុំឱ្យមានបញ្ហា គឺត្រូវដោះស្រាយបញ្ហាឫសគល់របស់វា ដែលបញ្ហានោះមួយភាគធំគឺជាភាពមិនច្បាស់លាស់នៃការកាន់កាប់ ហេតុនេះហើយទើបរដ្ឋាភិបាលបានធ្វើយ៉ាងណាជំរុញបន្តលើការវាស់វែងដើម្បីឱ្យបានចប់ទូទាំងប្រទេស ចុះបញ្ជី និងចែកបណ្ណជូនពលរដ្ឋ ដើម្បីបញ្ចប់បញ្ហា ។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print