កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតមួយនាខែសីហាខាងមុខនេះ! 

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៦ (Cambodia expo series 2026 KICK-OF) ដោយរួមបញ្ចូលនូវពិព័រណ៍ឯកទេសចំនួន៩ ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងដៃគូអាជីវកម្មនៅតាមវិស័យសេដ្ឋកិច្ចសំខាន់ៗ។

 

ពិព័រណ៍នេះ ត្រូវបានប្រកាសបើកសម្ពោធជាផ្លូវការ នៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូត សមាគមអាជីវកម្ម ដៃគូអភិវឌ្ឍន៍ សហគ្រាសឯកជន និងប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។

 

នៅសន្និសីទសារព័ត៌មានអំពីស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដានេះ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដោយចាត់ទុកកម្មវិធីខាងមុខនេះថា ជាស្ពានដ៏សំខាន់ក្នុងការផ្សារភ្ជាប់អ្នកផលិត កសិករ និងក្រុមហ៊ុនផលិតក្នុងស្រុកដោយផ្ទាល់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ បច្ចេកវិទ្យាទំនើបៗ និងកសាងឱកាសវិនិយោគថ្មីៗផងដែរ។

 

លោក Nguyen Ba Vinh ប្រធានក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS) និងជាអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ស៊េរីពិព័រណ៍នេះ នឹងមានការបង្ហាញពិព័រណ៍អន្តរជាតិចំនួន៩ ដែលគ្របដណ្តប់លើវិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម ម្ហូបអាហារ និងភេសជ្ជៈ ការថែទាំសុខភាព ឱសថ បច្ចេកវិទ្យាមន្ទីរពិសោធន៍ សម្ផស្ស សុខុមាលភាព ការថែទាំសត្វចិញ្ចឹម និងផលិតផលប្រើប្រាស់ទូទៅ។ លោកបានបន្តថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែបម្រើជាពិព័រណ៍ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការបង្កើតបណ្តាញអាជីវកម្ម និងការកសាងភាពជាដៃគូ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងភាពប្រកួតប្រជែងនៅក្នុងតំបន់។

 

ពិព័រណ៍ “Cambodia Expo Series 2026” នឹងត្រូវរៀបចំឡើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកតាំងពិព័រណ៍ ម្ចាស់ម៉ាកយីហោ អ្នកទិញ និងអ្នកជំនាញក្នុងឧស្សាហកម្មមកពីទូទាំងតំបន់ និងក្រៅតំបន់។

...

 

សូមបញ្ជាក់ទៀតថា ក្នុងអំឡុងព្រឹត្តការណ៍នេះ សមាគមដៃគូ ក៏នឹងសហការរៀបចំសិក្ខាសាលាវិជ្ជាជីវៈ វេទិកាពិភាក្សា ការចែករំលែកបទពិសោធន៍ និងកម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង ការបង្កើតបណ្តាញអាជីវកម្ម និងការស្វែងរកឱកាសសហការថ្មីៗ រវាងអ្នកចូលរួមទាំងក្នុង និងក្រៅប្រទេសផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print