ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រឿងចក្រប្រភេទអេស្កា ១គ្រឿង ដែលម្ចាស់វាបានបើកចុះពីលើរថយន្តក្នុងគោលបំណងកាយដីស្រែ ក៏ត្រូវក្រឡាប់ធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យកិនអ្នក បើកបរស្លាប់យ៉ាងអាណោចអធ័មបំផុត។ ហេតុការណ៍ នោះបានស្ថិតនៅចម្ងាយប្រមាណ១០ គីឡូម៉ែត្រពីភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ទាក់ទិនឧបទ្ទវហេតុខាងលើនេះត្រូវបានសាក្សីឈ្មោះ លី សាវុន ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិតាអំ ជាម្ចាស់ស្រែបានរៀបរាប់ថា នៅព្រឹកថ្ងៃកើតហេតុគាត់បានហៅអេស្កាវ៉ាទ័រ១គ្រឿង ដើម្បីទៅកាយដីស្រែរបស់គាត់ នៅខាងលិចភូមិចម្ងាយប្រហែល ១០គីឡូម៉ែត្រ។ វេលាម៉ោង៩ និង២០នាទីថ្ងៃដដែល គាត់ក៏បានជិះម៉ូតូទៅមើលអេស្កាវ៉ាទ័រដែលឲ្យទៅកាយដីស្រែនោះ។ លុះពេលជិះទៅដល់គាត់ក៏បានឃើញអេស្កាវ៉ាទ័រមួយគ្រឿង ដែលអ្នកបើកបរកំពុងធ្វើសកម្មភាពបើកចុះពីលើរថយន្ត ដើម្បីកាយដីស្រែ។
ពេលអ្នកបើកបរកំពុងបញ្ជាគ្រឿង ចក្រ ចុះពីលើរថយន្តស្រាប់តែឃើញអេស្កាវ៉ាទ័រ ក្រឡាប់ធ្លាក់ពីលើរថយន្តចូលក្នុងប្រឡាយទឹកនៅក្បែរនោះ ហើយពេលនោះគាត់មិនបានឃើញតៃកុងអេស្កាវ៉ាទ័រទេ ដោយសារតែមានសភាពបាំងរថយន្ត គាត់ក៏នៅជាមួយព្រូអេស្កាវ៉ាទ័រម្នាក់ តែមិនស្គាល់ឈ្មោះ។
ម្ចាស់ស្រែបន្តថា ពេលអេស្កាវ៉ាទ័រក្រឡាប់ភ្លាមនោះ គាត់និងព្រូអេស្កាបានស្ទុះរត់ទៅមើល តែមិនឃើញអ្នក បើកបរនោះទេ លុះមួយសន្ទុះក្រោយមកស្រាប់តែអ្នកបើកអេស្កាវ៉ាទ័រ ផុសចេញពីក្នុងទឹកអណ្តែតឡើងលើ ឃើញដូច្នោះគាត់និងព្រូក៏ស្ទុះទៅស្រង់ ដោយស្មានតែអ្នកបើកបរនៅរស់។ ពេលស្រង់មកលើគោក ក៏ឃើញតៃកុងអេស្ការងរបួសបែកក្បាលហូរឈាមស្លាប់បាត់ទៅហើយ ហើយគាត់និងព្រូអេស្កាក៏បានស្រង់សាកសពទុកដាក់ស្រួលបួល ទើប តេទូរស័ព្ទប្រាប់សាច់ញាតិជនរងគ្រោះ ដើម្បីបានដឹងនូវឧបទ្ទវហេ តុនេះ។ បន្ទាប់មកព័ត៌មាននេះក៏ត្រូវបានគេរាយការណ៍ជូនអាជ្ញា ធរមូលដ្ឋាន ទើបឃើញមានកម្លាំងសមត្តកិច្ចនគរបាលគ្រប់ជំនា ញស្រុក.ខេត្ត ចុះទៅដល់ ដោយបានបង្កើតគណកម្មការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច័យលើសាកសព ក្រោមការ សម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តផងដែរ។
លទ្ធផលនៃការពិនិត្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការបើកបរអេស្កាវ៉ាទ័រ ចុះពីលើរថយន្តភ្លាត់ស្នៀតក្រឡាប់កិនស្លាប់ខ្លួនឯងប្រាកដមែន។ សពត្រូវបានសមត្តកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










