សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្តេចមហា រដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងរឹតចំណង បន្តពូនជ្រំ មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដោយយកប្រជាជនជាស្នូល។ ទស្សនកិច្ចនេះ បានទទួលលទ្ធផលគួរជាទីមោទនៈ ជាពិសេសក្នុងការថែរក្សា និងពង្រឹងជំនឿទុកចិត្តនយោបាយ និងការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវលទ្ធផលផ្លែផ្កា ជាក់ស្តែងជូនប្រជាពលរដ្ឋទាំងសងខាង។

 

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសមជាមួយ លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារ ទ្វេភាគីជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា បានជួបសម្តែងការគួរសមជាមួយ លោក ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី និងបានទទួលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភា វៀតណាម-កម្ពុជា។

 

គ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី និងសមភាគីវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះ សមិទ្ធផល និងភាពរឹងមាំហើយធន់នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសក្នុងប្រវត្តិសាស្ត្រ និងបានពូនជ្រំឡើងដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ក្រោមស្មារតី “តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជា អ្នកដឹកនាំ” ឈរលើគោលការណ៍យោគយល់ ទុកចិត្ត និងគោរពគ្នាទៅវិញទៅមក សំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួម។ ទស្សនកិច្ចនេះជាបេសកកម្មដ៏ឧត្តុង្គឧត្តមចូលរួមចំណែកអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកុងសង់ស៊ុស នយោបាយរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជាត្រីវិស័យសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ គ្រប់វិស័យ គ្រប់កម្រិត នាំមកនូវលទ្ធផលជាក់ស្តែងដោយយកប្រជាជនជាស្នូល។ ឆ្នាំ២០២៧ គឺជា ខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយភាគីទាំងពីរនឹងធ្វើសកម្មភាពរួមគ្នា ដើម្បីពង្រឹង បន្ថែមទៀតលើការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន។

 

សម្តេចប្រធានរដ្ឋសភាបានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដ៏ឧត្តុង្គឧត្តម ដែលបក្សរដ្ឋ និងប្រជាជនវៀតណាមសម្រេចបាន តាមរយៈកំណែទម្រង់ស៊ីជម្រៅ មុតស្រួច ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច វៀតណាមទទួលបានកម្រិតខ្ពស់ ក្នុងទិសដៅសម្រេចបានចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៤៥។ កម្ពុជាអបអរសាទរចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដែលនេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃ ការអនុវត្តលទ្ធិប្រជាធិបតេយ្យបែបវៀតណាម។ កម្ពុជាក៏បានវាយតម្លៃខ្ពស់ពីតួនាទីលេចធ្លោរបស់វៀតណាម លើឆាកអន្តរជាតិ។ កម្ពុជាតែងចាត់ទុកថា ភាពជោគជ័យរបស់ប្រទេសវៀតណាម គឺជាភាពជោគជ័យរបស់ កម្ពុជា ដោយប្រទេសទាំងពីរកំពុងស្ថិតនៅលើវិថីតែមួយ ឆ្ពោះទៅមុខជាមួយគ្នា ជាពិសេសក្នុងការពង្រឹងការ តភ្ជាប់ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

 

សម្តេចរដ្ឋសភាធិបតី បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែល សម្រេចបានជាង ១១,៣៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ នេះជាចំណុចវិជ្ជមានមួយគួរជាទីមោទនៈ ដែលបម្រើដល់ផលប្រយោជន៍ប្រជាជាតិទាំងពីរ។ សម្តេចប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក ឡេ មិញ ហ៊ីង កាលពីខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់បំផុត នៃការពង្រឹងទំនាក់ទំនងទ្វេភាគីនិងការពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅ ដោយមានការប្តេជ្ញាខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានទំហំ២០ពាន់លានដុល្លារនាពេលអនាគត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

 

ជាការឆ្លើយតប ថ្នាក់ដឹកនាំកំពូលវៀតណាម បានអបអរសាទរចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់ ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត ស្វាហាប់ និងមាន ចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ក្នុងការដឹកនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងជាប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០។ បច្ចុប្បន្ន វៀតណាមកំពុងធ្វើយុទ្ធនាការ៥០០ថ្ងៃ នៃការរុករកនិងបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីវៀតណាម និងត្រៀមរៀបចំខួបទី៨០ (១៩៤៧-២០២៧) នៃទិវាយុទ្ធជនពលីនិងពិការ ហើយភាគីវៀតណាមសូមថ្លែងអំណរគុណ ដល់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្រក្នុងយុទ្ធនាការដ៏សំខាន់នេះ។

 

ភាគីទាំងពីរបានឯកភាពលើការជំរុញការអនុវត្តជាក់ស្តែងនិងមានប្រសិទ្ធភាពខ្ពស់លើគ្រប់វិស័យនិង គ្រប់កម្រិត រួមមាន ការតភ្ជាប់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការផ្លាស់ប្តូរបទពិសោធអភិវឌ្ឍន៍ សេដ្ឋកិច្ចថ្មីដោយយកបច្ចេកវិទ្យា និងនវានុវត្តន៍ជាស្នូល ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ទេសចរណ៍ សហគ្រាសធន់តូច និងមធ្យម (SME) នវានុវត្តន៍ អប់រំ សុខាភិបាល និងកសិកម្ម ជាដើម។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងនេះ មិនត្រឹមតែបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួម ចំណែកដល់ការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ផងដែរ។

 

សម្តេចក៏បានគូសបញ្ជាក់ថា កម្ពុជាមានគោលនយោបាយការបរទេស ដែលមានភាពស៊ីចង្វាក់គ្នា និង មានសង្គតិភាព រវាងការទូតបក្ស ការទូតរដ្ឋាភិបាល និងការទូតសភា ដើម្បីបង្កើននូវប្រសិទ្ធភាពនិងភាពបត់ បែនខ្ពស់ ស្របទៅតាមការប្រែប្រួលយ៉ាងលឿន នៃភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចតំបន់ និងសកល។ បច្ចុប្បន្ន ការទូតសភាកំពុងដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការជំរុញវប្បធម៌សន្ទនា និងការកសាងទំនុកចិត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការដោយយកប្រជាជនជាស្នូល។ កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដោះ ស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ក្នុង ការកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។

 

ភាគីប្រទេសវៀតណាម បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ បន្តតាមដាននិងរួមចំណែក ក្នុងការ ថែរក្សាស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ ហើយសង្ឃឹមថា កម្ពុជានិងថៃអាចរកដំណោះស្រាយដោយសន្តិវិធី។ ក្នុងនាមជាប្រទេសជិតខាងល្អ និងសមាជិកគ្រួសារអាស៊ាន វៀតណាមមិនចង់ឃើញជម្លោះរវាងសមាជិក អាស៊ាន ឬបញ្ហាណាមួយ ដែលគម្រាមកំហែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

 

ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្នាក់ដឹកនាំសភា រដ្ឋសភាប្រទេសទាំងពីរបានប្តេជ្ញារួមគ្នានៅក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដូចជា បន្តនិង ពង្រីកការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិកសភាស្ត្រី និង សមាជិកសភាវ័យក្មេង ព្រមទាំងសមាជិកសមាជិការដ្ឋសភា ជាពិសេសតំណាងរាស្ត្រនៅខេត្តតាមបណ្តោយ ព្រំដែន និងអគ្គលេខាធិការដ្ឋានរដ្ឋសភា សំដៅលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្ត ឱ្យមានប្រសិទ្ធភាពនូវកុងសង់ស៊ុសនយោបាយរបស់ថ្នាក់ដឹកនាំកំពូល និងកិច្ចព្រមព្រៀងដែលមានស្រាប់។

 

ភាគីទាំងពីរ បានឯកភាពគ្នាឱ្យមានការពិនិត្យ និងកែសម្រួលលើខ្លឹមសារអនុស្សរណៈការយោគយល់គ្នា នៃរដ្ឋសភាប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងធ្វើវិសោធនកម្មឱ្យឆ្លើយតបតាម តម្រូវការ និងបរិបទជាក់ស្តែង។

 

នៅក្នុងដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជា រួមមាន៖ លោក ឈាង វុន ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា, លោកសន្តិបណ្ឌិត ឡូយ សុផាតប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា, លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា, លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា, លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និង លោក សុះ មុះសិន ក៏បានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការរដ្ឋសភាប្រទេសវៀតណាម ផ្សេងៗគ្នា ដើម្បីចែករំលែកព័ត៌មាននិងការផ្លាស់ប្តូរបទពិសោធការងារទៅវិញទៅមកផងដែរ។

...

 

អំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក៏បានអញ្ជើញ ទស្សនកិច្ចទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) ដែលវិនិយោគប្រព័ន្ធទូរស័ព្ទ នៅកម្ពុជា ឈ្មោះក្រុមហ៊ុនមិត្តហ្វូន និងបានទស្សនកិច្ចនៅមន្ទីរពេទ្យយោធាវៀតណាម ១០៨ ក្នុងការផ្សារភ្ជាប់ទំនាក់ ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ និងជំរុញការវិនិយោគនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្លើយតបឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាជននៃប្រទេសទាំងពីរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print