ក្រុមក្មេងស្ទាវ ១៤នាក់ដេញវាយ និងគប់ដុំថ្មបណ្ដាលឲ្យយុវជនម្នាក់បាក់កស្លាប់នៅនឹងកន្លែង ចុងក្រោយត្រូវសមត្ថកិច្ចក្របួចបាន ៤នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកមុខកំពូលឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះថា យុវជន១ក្រុមបាន ប្រើអំពើហិង្សាបណ្ដាលឱ្យបុរសម្នាក់ដោយសារការ ភាន់ច្រឡំ។

ប្រភពបានឱ្យដឹង យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវក្រុមក្មេងស្ទាវមួយក្រុមមានគ្នារហូតដល់ ១៤នាក់ ជិះម៉ូតូដេញតាមវាយ និងយកដុំថ្មគប់ត្រូវចំ បណ្ដាលឲ្យដួលម៉ូតូបាក់ក ដោយសារតែការយល់ច្រឡំថាជាក្រុមមានទំនាស់ជាមួយខ្លួន។ ហេតុការណ៍ហិង្សាដោយ ចេតនានេះ បានកើតឡើងកាលពីម៉ោង ០០និង០២នាទី រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅលើចិញ្ចើមផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកយាយហ៊ិន ទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យបានឃើញក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូ ៥គ្រឿង អូសដាវ និងស្រែកឡូឡាឌឺដោលដាក់ពួកខ្លួន។ ដោយសារមានគំនុំគុំកួន ក្រុមជនសង្ស័យបានទូរស័ព្ទប្រមូលគ្នីគ្នាបាន ១៤នាក់ ជិះម៉ូតូ ១១គ្រឿង ដោយមានកាន់កាំបិតខ្វែវ ២ដើម ដងឆត្រ ១ និងដុំថ្ម ៤ដុំ ដេញតាមស្វែងរកសងសឹក។ លុះមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យបានប្រទះឃើញក្រុមជនរងគ្រោះជិះម៉ូតូ ២គ្រឿង ដោយស្មានច្រឡំថាជាក្រុមដែលធ្លាប់មានទំនាស់ ក៏បានស្ទាក់វាយ និងយកដុំឥដ្ឋគប់សំដៅ បណ្ដាលឲ្យត្រូវយុវជនឈ្មោះ វី លីវ៉េង (អាយុ១៨ឆ្នាំ) ដួលម៉ូតូបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង រួចក្រុមជនបង្កបានជិះម៉ូតូគេចខ្លួនបាត់អស់។

លោកអធិការបានបន្តថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីមិត្តភក្ដិជនរងគ្រោះ ៣នាក់ទៀត លោកបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុភ្លាមៗ និងបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការកំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ លី មេសា, ទី២ ឈ្មោះ ទេព ពុទ្ធីវុធ, ទី៣ ឈ្មោះ អៀង ភក្ដី និងទី៤ ឈ្មោះ អ៊ុក សុភា (ទាំងអស់គ្នាមានអាយុចន្លោះពី ១៦ឆ្នាំ ដល់ ២០ឆ្នាំ និងរស់នៅក្នុងស្រុកមុខកំពូល)។ ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានម៉ូតូហុងដាស៊ី១២៥ ១គ្រឿង និងទូរស័ព្ទដៃម៉ាកអាយហ្វូន ៤គ្រឿង។

ដោយឡែក ជនរងគ្រោះ ៣នាក់ទៀតដែលរួចផុតជីវិត រួមមានឈ្មោះ ស៊ុប សុភាព (អាយុ២០ឆ្នាំ), ឈ្មោះ ចាន់ណា វិច្ឆិកា (អាយុ១៩ឆ្នាំ) និងឈ្មោះ បារាំង សុភក្ត្រា (អាយុ១៩ឆ្នាំ) មុខរបរជាកម្មករ រស់នៅក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពដេញវាយ និងគប់ដុំឥដ្ឋទៅលើជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូបាក់កស្លាប់ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ខណៈកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនបក្ខពួក ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print