ខេត្តព្រះសីហនុ៖ នារីម្នាក់បានស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ក្រោយសុំបែកគ្នាពីមិត្តបុរស( សង្សារ) បន្ទាប់ពីបានឮសម្លេងឈ្លោះប្រកែកគ្នា រួចខាងប្រុសយកកាំបិតចុងស្រួចចាក់សម្លាប់ ខ្លួនឯងតាមក្រោយ ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៧ និង ៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមព័ត៌មានបឋម មុនពេលកើតហេតុគេបានឮសម្លេង គូស្នេហ៍១គូនេះ ឈ្មោះប្រកែកគ្នា ដោយខាងស្រីសុំចែកផ្លូវ ជាមួយខាងប្រុស ប៉ុន្តែខាងប្រុសមិនព្រមក៏កើតជម្លោះហិង្សាដោយភាគីជាមិត្តប្រុសបានយកកាំបិតចុងស្រួចចាក់ទៅលើមិត្តស្រីរបស់ខ្លួន ត្រូវត្រង់ដៃ មុខនិងក្បាល បណ្តាលឲ្យនាងដេកដួលស្លាប់ភ្លាមៗ ក្នុងថ្លុក ឈាម រួចក៏យកកាំបិតនោះចាក់ខ្លួនឯងជាក្រោយរងរបួសធ្ងន់ធ្ងរ មិនយូរប៉ុន្មានក៏បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ប្រភពឲ្យដឹងថា នារីរងគ្រោះជាជនជាតិខ្មែរ និង ជាបុគ្គលិក លក់នំបញ្ចុកស្រុះវៀតណាម ក្នុងផ្សារលើ មានស្រុកកំណើត នៅខេត្តក្រចេះ រីឯប្រុសពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
បច្ចុប្បន្ន សពអ្នកទាំង២នាក់ ត្រូវបានសមត្ថកិច្ចពិនិត្យកោសល្យវិច្ច័យរួមហើយ និង កំពុងតម្កល់ទុក នៅសាលសព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុរិយា










