នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៨នាក់ គាស់ទ្វារចេតិយយកកោដ្ឋវាយកម្ទេចរករបស់មានតម្លៃ

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី៣១ខែកក្កដានេះថា ជនសង្ស័យ៤នាក់ក្នុងចំណោមគូកន៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចគាស់សោទ្វារចេតិយចំនួន ២១ នៅក្នុងវត្តចំបក់បិតមាស ដើម្បីរុករកទ្រព្យរបស់មានតម្លៃ។

 

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២១និង៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ) កើតឡើងនៅចំណុចវត្តចំបក់បិតមាសស្ថិតក្នុងភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ០១ក្រុមមានគ្នាប្រមាណពី០៥ ទៅ០៨នាក់បានធ្វើសកម្មភាពលួចគាស់សោទ្វារចេតិយចំនួន២១ចេតិយ ។ បន្ទាប់មកជនសង្ស័យបានវាយកម្ទេចកោដ្ឋ និងចាក់អដ្ឋិធាតុចោលដើម្បីស្វែងរកវត្ថុឬទ្រព្យសម្បត្តិមានតម្លៃនៅក្នុងកោដ្ឋអស់ចំនួន៣៣កោដ្ឋអដ្ឋិធាតុ។

 

បន្ទាប់ពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីព្រះតេជគុណចៅអធិការវត្តចំបក់បិតមាសរួច កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទីដឹកនាំដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះទៅដល់កន្លែងកើតហេតុជាក់ស្តែងពិនិត្យ សាកសួរប្រមូលព័ត៌មានផ្សេងៗជុំវិញកន្លែងកើតហេតុ ស្រាវជ្រាវកំណត់មុខសញ្ញា និងស្វែងរកចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

 

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ,  សម្របសម្រួលនីតិវិធីពីលោកស្រីម៉េង សុខឃីម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០០នាទី កម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ក្នុងចំណោមបក្សពួកចំនួន០៨នាក់៖

 

១.ឈ្មោះ ឈឿន នាង ហៅមូស , ២.ឈ្មោះ ម៉ៅ លីអយ , ៣.ឈ្មោះ ខន ប៊ុនធីម និង៤.ឈ្មោះ ញ៉ក់ ងីម ព្រមទាំងដកហូតវត្ថុតាងធ្វើសកម្មភាពមួយចំនួនយកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print