ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងក្តៅគគុក និងម៉ឺងម៉ាត់ពីលោកគង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដល់មន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ក្នុងការលុបបំបាត់ និងទប់ស្កាត់រាល់សកម្មភាពធ្វើ អាជីវកម្មរ៉ែខុសច្បាប់ក្នុងដែនសមត្ថកិច្ច។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងចម្រុះរួមមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ ចុះប្រតិបត្តិការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន ២ទីតាំង ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។
សេចក្តីរាយការណ៍ដែលខ្លីខ្លឹមទទួលបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ ទោះបីជាក្រុមការងារចម្រុះទៅដល់ទីតាំងកើតហេតុ ពុំជួបប្រទះមុខសញ្ញាអ្នកប្រព្រឹត្តបទល្មើស ដោយសារតែពួកគេបានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែកម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូស និងដកហូតសម្ភារ ព្រមទាំងវត្ថុតាងបម្រើឱ្យសកម្មភាពល្មើសច្បាប់បានជាច្រើនមុខ រួមមាន ថ្មរ៉ែ ចំនួន ៧ការ៉ុងម៉ាស៊ីនភ្លើងទ្រីហ្វា ១ឈុត, ម៉ាស៊ីនអ៊ុករ៉ែ ១គ្រឿង, ម៉ាស៊ីនកិនរ៉ែ ១គ្រឿង, ម៉ាស៊ីនខ្យល់ ១គ្រឿង, ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង, និងម៉ូទ័រទាញត្បាលកិន និងអ៊ុករ៉ែ ចំនួន ២គ្រឿង ក្បាលខ្យល់សម្រាប់ស្វានថ្ម ១ឈុត, ដងឡាម ២ដើម, ក្បាលទាញតុញាក់ ១គ្រឿង, ជើងតុញាក់ ១គូ, ទុយោគីបខ្យល់មួយចំនួន និងខ្សែភ្លើងប្រភេទចរន្តទ្រីហ្វា ប្រវែង ២០ម៉ែត្រ។
បច្ចុប្បន្ន រាល់សម្ភារ និងវត្ថុតាងដែលដកហូតបានទាំងអស់ ត្រូវ បានក្រុមការងារចម្រុះប្រមូលដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី និងស្រាវជ្រាវស្វែងរកមុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
ដោយ៖ សុរិយា










