សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានកោះប្រជុំគណៈរដ្ឋមន្ត្រីនៅឯរមណីយដ្ឋាន Camp David ក្នុងរដ្ឋ Maryland ដើម្បីដោះស្រាយបញ្ហាសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ព្រមទាំងរកវិធីទម្លាក់តម្លៃប្រេងសាំងដែលកំពុងគំរាមកំហែងដល់គណបក្សសាធារណរដ្ឋ (Republican) សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកា។
នេះគឺជាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១៣ ក្នុងអាណត្តិទី២ របស់លោក ត្រាំ ប៉ុន្តែជាដំណើរទស្សនកិច្ចលើកទី៣ ប៉ុណ្ណោះទៅកាន់ Camp David ដោយសារលោកតែងតែចូលចិត្តចំណាយពេលនៅទីលានវាយកូនហ្គោលផ្ទាល់ខ្លួនច្រើនជាង។ របៀបវារៈនៃកិច្ចប្រជុំនេះ ត្រូវបានរំពឹងថានឹងផ្តោតសំខាន់លើគោលនយោបាយការបរទេស ខណៈការវាយប្រហារសងសឹកគ្នារវាងអាមេរិក និងអ៊ីរ៉ង់ មិនទាន់មានសញ្ញាថមថយឡើយ បើទោះជាលោក ត្រាំ ធ្លាប់រំពឹងថាសង្គ្រាមនេះនឹងបញ្ចប់ត្រឹមពីរបីសប្តាហ៍ក្តី ប៉ុន្តែពេលនេះវាបានអូសបន្លាយដល់ទៅ ៥ខែទៅហើយ។
សង្គ្រាមនេះបានរុញច្រានតម្លៃប្រេងសាំងឱ្យហក់ឡើងកប់ពពក និងធ្វើឱ្យការគាំទ្រចំពោះលោក ត្រាំ ធ្លាក់ចុះ។ ការស្ទាបស្ទង់មតិថ្មីៗរបស់ Reuters-Ipsos បង្ហាញថា ពលរដ្ឋអាមេរិកត្រឹមតែ ១ភាគ៣ ប៉ុណ្ណោះដែលគាំទ្រសង្គ្រាមនេះ។ ផលវិបាកសេដ្ឋកិច្ចនេះ កំពុងធ្វើឱ្យសមាជិកគណបក្សសាធារណរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលគណបក្សប្រជាធិបតេយ្យ (Democrat) កំពុងត្រៀមដណ្តើមយកការគ្រប់គ្រងសភាវិញនៅក្នុងខែវិច្ឆិកា។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ តែងតែមានរយៈពេលយូរ ដោយរដ្ឋមន្ត្រីនីមួយៗត្រូវរាយការណ៍ពីសកម្មភាពរបស់ខ្លួន ព្រមទាំងឆ្លៀតពោលពាក្យសរសើរដល់រូបលោកផ្ទាល់ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក ត្រាំ មានគម្រោងធ្វើដំណើរទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកនៅរដ្ឋ New Jersey ដើម្បីសម្រាកចុងសប្តាហ៍៕

រូបថត: Reuters









