ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះបានអញ្ជើញជាអធិបតីក្នុងពិធីបើក « យុទ្ធនាការសម្អាតទន្លេដើម្បីលើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក» ក្រោមពាក្យស្លោក «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» គឺជាយុទ្ធនាការមួយដ៏មានសារៈសំខាន់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ អភិរក្សបរិស្ថាន ធនធានធម្មជាតិនៅក្នុងទន្លេ ចូលរួមរក្សាបាននូវសោភណភាព សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, Mr. Shifaz Ahmed អ្នកជំនាញ និងជាតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNDP) លោក លោកស្រីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, តំណាងអង្គការសម្អាតទន្លេ សមុទ្រ, លោក លោកស្រីប្រតិបត្តិករទេសចរណ៍, បងប្អូនប្រតិបត្តិករទូកទេសចរណ៍, អាជីវករលក់ដូរ, និងប្អូនៗ ក្មួយៗ យុវជនស.ស.យ.ក. យុវជនកាយឬទ្ធិ យុវជនអ.ម.ត., ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រមាណ ៦០០នាក់។
លោករដ្ឋមន្រ្តី ក៏បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះគំនិតផ្ដួចផ្ដើមរបស់អង្គការសម្អាតទន្លេ-សមុទ្រ តាមរយៈគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលទទួលបានការគាំទ្រពីមូលនិធិកូកាកូឡា (The Coca-Cola Foundation) និងអនុវត្តដោយអង្គការ UNDP ប្រចាំកម្ពុជា, រដ្ឋបាលខេត្តសៀមរាប, ដៃគូឧបត្ថម្ភ, និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន សោភណភាព សុខុមាលភាព ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការបង្កើនភាពស្អាត និងសោភណភាពបៃតង ដែលជាកាតាលីករមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ស្អាត, ឆ្លាត, និង បៃតង។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចជូនថា ទន្លេ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល និងមានភាពទាក់ទាញ, ដូចជា តាមរយៈការធ្វើដំណើរកម្សាន្តតាមនាវា, ការទស្សនាថ្ងៃរៀបលិចលើផ្ទៃទឹក និងការស្វែងយល់ពីជីវភាពសហគមន៍តាមដងទន្លេ បានក្លាយជាបទពិសោធដែលមិនអាចខ្វះបាន សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប, ជាពិសេសនៅតំបន់ចុងឃ្នៀស។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា ការរក្សានិរន្តរភាព និងសុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ គឺជាកិច្ចការពារបរិស្ថានផង និងជាការការពារអនាគតនៃវិស័យទេសចរណ៍ ការធានានូវនិរន្តរភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមនុស្សជាតិគ្រប់ជំនាន់ ស្របតាមពាក្យស្លោករបស់យុទ្ធនាការរបស់យើង គឺ «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» ដែលបង្ហាញពីការភ្ជាប់គ្នារវាងការអភិវឌ្ឍទេសចរណ៍ ការរស់នៅរបស់ប្រជាជន និងការពារបរិស្ថានទន្លេឱ្យស្អាតបរិសុទ្ធ៕
ដោយ៖តារា










