ទន្លេស្អាត ទាក់ទាញទេសចរ! ទេសចរណ៍រីកចម្រើន បង្កើនចំណូលប្រជាជន! ការចូលរួមសម្អាត និងកាត់បន្ថយសំណល់ប្លាស្ទិកនៅថ្ងៃនេះ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់វិស័យទេសចរណ៍ បរិស្ថាន និងសហគមន៍នៅថ្ងៃអនាគត

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ​បានអញ្ជើញជាអធិបតីក្នុងពិធីបើក « យុទ្ធ​នា​​ការសម្អា​ត​ទន្លេដើម្បីលើកកម្ពស់ទេស​ចរណ៍​​តាមដងទន្លេប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក»​ ក្រោមពាក្យស្លោក «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» គឺជា​យុទ្ធនាការមួយដ៏មានសារៈសំ​ខា​ន់​ ដែលបានចូលរួមចំណែក​ក្នុងការអភិវឌ្ឍ អភិរក្សបរិស្ថាន ធ​ន​ធា​​ន​ធម្មជាតិនៅក្នុង​ទន្លេ ចូលរួម​រក្សាបាននូវសោភណភាព សន្តិសុខ​ស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាប, Mr. Shifaz Ahmed អ្នកជំនាញ និង​ជាតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNDP) លោក លោកស្រី​តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ​, តំណាងអង្គការសម្អាតទន្លេ សមុទ្រ, លោក លោកស្រីប្រតិបត្តិករទេស​ចរណ៍, បងប្អូនប្រតិបត្តិករទូកទេសចរណ៍, អាជីវករលក់ដូរ, និងប្អូនៗ ក្មួយៗ យុវជនស.ស.យ.ក. យុវជនកាយឬទ្ធិ យុវជនអ.ម.ត., ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រមាណ ៦០០នាក់។

លោករដ្ឋមន្រ្តី ក៏បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះគំនិតផ្ដួចផ្ដើមរបស់អង្គការសម្អាតទន្លេ-សមុទ្រ តាមរយៈគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលទទួលបានការគាំទ្រ​ពីមូលនិធិកូកាកូឡា (The Coca-Cola Foundation) និងអនុវត្ត​ដោយអង្គការ UNDP ប្រចាំកម្ពុជា, រដ្ឋបាលខេត្តសៀមរាប, ដៃគូឧបត្ថម្ភ, និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុង​ការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន សោភណ​ភា​ព​ សុខុមាលភាព ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការបង្កើនភាពស្អាត និងសោភណភាពបៃតង ដែលជាកាតាលីករមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ស្អាត, ឆ្លាត, និង បៃតង។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចជូនថា ទន្លេ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល និងមានភាពទាក់ទាញ, ដូចជា តាមរយៈការធ្វើដំណើរកម្សាន្តតាមនាវា, ការទស្សនាថ្ងៃរៀបលិចលើផ្ទៃទឹក និងការស្វែងយល់ពីជីវភាពសហគមន៍តាមដងទន្លេ បានក្លាយជាបទពិសោធដែលមិនអាចខ្វះបាន សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប, ជាពិសេសនៅតំបន់ចុងឃ្នៀស។

...

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា ការរក្សានិរន្តរភាព និងសុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេ គឺជាកិច្ចការពារបរិស្ថានផង និងជាការការពារអនាគតនៃវិស័យទេសចរណ៍ ការធានានូវនិរន្តរភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមនុស្សជាតិគ្រប់ជំនាន់ ស្របតាមពាក្យស្លោករបស់យុទ្ធនាការរបស់យើង គឺ «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» ដែលបង្ហាញពីការភ្ជាប់គ្នារវាងការអភិវឌ្ឍទេសចរណ៍ ការរស់នៅរបស់ប្រជាជន និងការពារបរិស្ថានទន្លេឱ្យស្អាតបរិសុទ្ធ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print