បុរសម្នាក់ប្រចណ្ឌប្រពន្ធ បែរជាដុតផ្ទះខ្លួនឯងឆេះហ្មត់ទីបំផុតជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន ខណៈ​ដែល​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន ឯង​ជាមួយ​​អ្នក​ដទៃ​ហើយ​ទាញ​កាំបិត​ផ្គាក់ កាប់​ពាង​បែក​អស់​២ មិនតែប៉ុណ្ណោះ​ថែម​ទាំ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាលថ្ងៃត្រង់​ ។ ករណី​ប្ដី​ប្រចណ្ឌ​ប្រពន្ធ បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​ដុត​ផ្ទះ​ខ្លួនឯង​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ព្រៃ​ជ្រាវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​ បុរស​ជា​ប្ដី​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ ជីប ចិត្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ជ្រាវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ នក់ ស៊ី​ណា អាយុ​៣៦​ឆ្នាំ និង​កូន បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ប្ដី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ព្រោះតែ​រឿង​ប្រចណ្ឌ និង​បាន​ដុត​ផ្ទះ​របស់​ខ្លួនឯង​ឆេះ​អស់​១​ខ្នង ដែល​មាន​ទំហំ​៥​ម៉ែត្រ គុណ​និង​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ស៊ី​ប្រូ ជញ្ជាំង​ក្តារ បណ្ដាល​ឱ្យ​ឆេះ​អស់​រង​ការ​ខូច ខាត​ទាំងស្រុង​ ​ទោះបីជា​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ជួយ​ពន្លត់​យ៉ាងណា​ក៏​ដោយ ព្រោះតែ​ភ្លើង​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​ពេក​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ទំហំ​នៃ​ការ​ខូចខាត​មាន
– ម៉ូតូ​ចំនួន ១​គ្រឿង
– កង់​ចំនួន ២​គ្រឿង
– គ្រែ ចំនួន​៣ គ្រឿង
– ពូក​ចំនួន ២ និង​ឯកសារ សំលៀក​បំពាក់​មួយ​ចំនួន​ទៀត ។ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​សែន​ដី បាន​ឃាត់​ឈ្មោះ​ខាងលើ​ មក​សាកសួរ​ហើយ​បាន​ឆ្លើយ​សារភាព​ពិតជា​បាន​ដុត​ផ្ទះ​ពិតប្រាកដ​មែន ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ នក់ ស៊ី​ណា អាយុ ៣៦​ឆ្នាំ​ ( ជា​ប្រពន្ធ ) ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មូលហេតុ​​​ដែល​ប្ដី​របស់​គាត់​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​ដុត​ផ្ទះ​ចោល​បែប​នេះ​ព្រោះតែ ប្រចណ្ឌ​ប្រពន្ធ ជាមួយ​អ្នក​ដទៃ ​។ នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រោយ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​ដកហូត​បាន កាំបិត​ផ្គាក់ ១​ដើម​កាន់​ជាប់​នឹង​ខ្លួន​។

បច្ចុប្បន្ន​ បុរស​ជា​ប្ដី​នគរបាល​ស្រុក​សំរោង​ទង កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ក៏​បាន​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print