ខេត្តមណ្ឌលគិរី ៖ ដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចែករំលែកក្ដីស្រឡាញ់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកក្នុងមូលដ្ឋាន នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោក គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារគណបក្សខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ក្មេងប្រុសម្នាក់ ឈ្មោះ ចន្ថា តុលា អាយុ ១៧ឆ្នាំ ដែលមានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ស្ថិតនៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
លោក គង់ គឹមនី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះនាពេលនេះ។ លោក បានសម្តែងនូវការសោកស្តាយ និងក្តីអាណិតអាសូរជាពន់ពេកចំពោះស្ថានភាពពិការភាពរបស់ក្មេងប្រុស និងបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារមួយនេះ។ លោកបានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ឪពុកម្តាយ ត្រូវបន្តខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាកូនដោយផ្តល់ក្តីស្រឡាញ់ និងយកចិត្តទុកដាក់លើផ្នែកសុខភាព និងអនាម័យឱ្យបានល្អប្រសើរ។ បន្ថែមលើសនេះ លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ និងក្រុង ត្រូវបន្តតាមដានមើលថែទាំស្ថានភាពជីវភាពរបស់គ្រួសារនេះជាប្រចាំ។
នាឱកាសនោះ លោក គង់ គឹមនី និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រទេះពិកា ១គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារក្មេងប្រុស និងសូមជូនពរឆាប់ជាសះស្បើយផងដែរ៕
ដោយ ៖ សិលា










