បងប្អូនជនជាតិរុស្ស៉ី២នាក់ ត្រូវបានសម្លាប់នៅប្រទេសថៃ ក្នុងករណីប្លន់យកម៉ូតូ

ចែករំលែក៖

ទីក្រុងបាងកក ៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ប៉ូលិសនៅប្រទេសថៃ ទីបំផុតបានចាប់ខ្លួនបុរសជាជនសង្ស័យ២នាក់ ក្នុងករណីបាត់ខ្លួនបងប្អូនជាតិរុស្ស៉ី២នាក់ ប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ។

នារីឈ្មោះ Diana Nazimova អាយុ២២ឆ្នាំ និងប្អូនប្រុសរបស់នាង ឈ្មោះ Roman Nazimova អាយុ១៧ឆ្នាំ ត្រូវបានម្តាយពួកគេរាយការណ៍ថា បាត់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា នៅទីក្រុង Pattaya នៃខេត្ត Chonburi ក្រោយជិះម៉ូតូរបស់ពួកគេម៉ាក Honda ADV 150។

ប៉ុន្មានថ្ងៃក្រោយមក ម៉ូតូរបស់អ្នកទាំងពីរត្រូវបានរកឃើញ ក៏ប៉ុន្តែវាត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយត្រូវបានកប់លាក់ទុក នៅក្នុងបរិវេណទីកន្លែងបញ្ចុះសព។ ប្រការនេះនាំឱ្យអាជ្ញាធរថៃ បើកប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យ ហើយមក​ដល់ថ្ងៃទី៣១ ខែកក្កដា ក៏បានចាប់ខ្លួនបុរស២នាក់។

ជនសង្ស័យឈ្មោះ Thanana អាយុ៤៣ ហៅក្រៅថា Pong និងឈ្មោះ Thongchai អាយុ៣៩ឆ្នាំ ហៅក្រៅថា Thong ត្រូវបានចាប់ខ្លួននៅស្រុក Wang Sombun ខេត្ត Sa Kaeo ពេលកំពុងរត់គេចខ្លួន។ បុរសទាំង២នាក់នោះ បានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់បងប្អូនជនជាតិរុស្ស៉ីទាំង២នាក់ នៅពេលព្យាយាមប្លន់យកម៉ូតូ ប៉ុន្តែ Diana និង Roman មិនព្រមឱ្យតាមសម្រួល។ បើតាមចម្លើយសារភាព ឃាតកទាំង២ បានយកសាកសពពួកគេ ទៅកប់ចោលលើភ្នំ Khao Chi Chan ក្នុងខេត្ត Chonburi ដើម្បីលាក់បាំងបទឧក្រិដ្ឋដ៏ឃោរឃៅ មុនពេលរត់គេចខ្លួន។

គួរបញ្ជាក់ថា គ្រួសាររបស់ Diana និង Roman ត្រូវគេរាយការណ៍ថា បានផ្លាស់ទីលំនៅពីប្រទេសរុស្ស៉ី មកកាន់ប្រទេសថៃ កាលពីឆ្នាំ២០២១៕

ប្រភព ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print