សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក (U.S. Soccer) បានប្រកាសនៅថ្ងៃចន្ទថា លោក Mauricio Pochettino បានយល់ព្រមបន្តកិច្ចសន្យា ដើម្បីដឹកនាំក្រុមជម្រើសជាតិបុរសអាមេរិក (USMNT) រហូតដល់ការប្រកួត FIFA World Cup ឆ្នាំ 2030 បន្ទាប់ពីដឹកនាំក្រុមឈានដល់វគ្គ 16 ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនវ័យ 54 ឆ្នាំ រូបនេះ ដែលល្បីខាងរបៀបលេងសម្ពាធខ្ពស់ និងវាយប្រហារលឿន បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិកនៅឆ្នាំ 2024 បន្ទាប់ពីចែកផ្លូវជាមួយក្លិប Chelsea។ កិច្ចសន្យាដំបូងរបស់លោកមានសុពលភាពរហូតដល់ World Cup 2026។
នាយកប្រតិបត្តិ U.S. Soccer លោក JT Batson បាននិយាយថា៖
«លោក Mauricio និងក្រុមការងាររបស់លោក ជឿជាក់លើអនាគតរបស់បាល់ទាត់នៅសហរដ្ឋអាមេរិក។ គម្រោងថ្មីនេះនឹងជួយឱ្យយើងបន្តអភិវឌ្ឍក្រុមជម្រើសជាតិបុរស និងរក្សាសន្ទុះរីកចម្រើនរបស់បាល់ទាត់អាមេរិក»។
ក្រោមការដឹកនាំរបស់ Pochettino ក្រុមអាមេរិកបានបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល ដោយនាំមុខ អូស្ត្រាលី ប៉ារ៉ាហ្គាយ និងទួរគី។ ពួកគេប្រមូលបាន 6 ពិន្ទុ ដែលជាចំនួនពិន្ទុខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបុរសអាមេរិកនៅ World Cup។
បន្ទាប់មក អាមេរិកបានយកឈ្នះ បូស្ន៊ី នៅវគ្គ 32 ក្រុម មុនពេលចាញ់ បែលហ្ស៊ិក 4-1 នៅវគ្គ 16 ក្រុមចុងក្រោយ ដែលបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការធ្វើដំណើរឆ្ពោះទៅវគ្គជ្រៅៗ នៅ World Cup ដែលធ្វើឡើងលើទឹកដីខ្លួន។
លោក Pochettino បាននិយាយថា៖
«ក្នុងរយៈពេលពីរឆ្នាំដែលយើងបានធ្វើការជាមួយ U.S. Soccer យើងបានមើលឃើញយ៉ាងច្បាស់ថា ក្រុមជម្រើសជាតិបុរសអាមេរិកនៅមានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកចម្រើន។ ការគាំទ្រយ៉ាងកក់ក្តៅពីអ្នកគាំទ្រក្នុងអំឡុង World Cup បានធ្វើឱ្យយើងកាន់តែជឿជាក់លើអ្វីដែលអាចសម្រេចបាននាពេលអនាគត»។
មុនមក លោក Pochettino ធ្លាប់ដឹកនាំ Southampton ឡើងដល់ចំណាត់ថ្នាក់លេខ 8 ក្នុង Premier League ឆ្នាំ 2013 ដែលជាលទ្ធផលល្អបំផុតរបស់ក្លិបនៅពេលនោះ។
បន្ទាប់មក លោកបានដឹកនាំ Tottenham Hotspur ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2019 ហើយនៅឆ្នាំ 2022 បានជួយ Paris Saint-Germain (PSG) ឈ្នះជើងឯក Ligue 1។
លោកបានចាកចេញពី Chelsea ដោយការយល់ព្រមពីភាគីទាំងពីរ នៅឆ្នាំ 2024 បន្ទាប់ពីរដូវកាលដ៏លំបាក បើទោះបីជាក្រុមបានបញ្ចប់នៅចំណាត់ថ្នាក់លេខ 6 ក៏ដោយ៕










