Chelsea នាំយកខ្សែបម្រើជើងចាស់អង់គ្លេស Jordan Henderson ពី Brentfordមកពង្រឹងក្លិប

ចែករំលែក៖

ក្លិប Chelsea បានប្រកាសជាផ្លូវការនៅថ្ងៃចន្ទថា បានចុះហត្ថលេខានាំយកខ្សែបម្រើជើងចាស់ Jordan Henderson លើកិច្ចសន្យារយៈពេល 2 ឆ្នាំ បន្ទាប់ពីរូបគេបានចាកចេញពីក្លិប Brentford។

 

ខ្សែបម្រើវ័យ 36 ឆ្នាំ រូបនេះ បានផ្ទេរមក Chelsea ដោយគ្មានតម្លៃខ្លួន (Free Transfer) បន្ទាប់ពីបង្ហាញខ្លួន 34 ប្រកួត ឱ្យ Brentford កាលពីរដូវកាលមុន ដែលធ្វើឱ្យគាត់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត FIFA World Cup។

 

Henderson បាននិយាយថា៖

«ដោយសារតែក្លិបនេះមានប្រវត្តិសាស្ត្រធំធេង មានអ្នកចាត់ការដែលខ្ញុំគោរពយ៉ាងខ្លាំង និងកីឡាករដែលមានគុណភាពខ្ពស់ វាជាឱកាសដ៏ធំមួយដែលខ្ញុំមិនអាចបដិសេធបាន។ ខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ម្ចាស់ក្លិប ដែលចង់ឱ្យ Chelsea ទទួលបានភាពជោគជ័យ និងវិលត្រឡប់ទៅរកទិសដៅត្រឹមត្រូវវិញ»។

 

Henderson បានចាប់ផ្តើមអាជីពនៅថ្នាលយុវជនរបស់ Sunderland មុនផ្ទេរទៅ Liverpool ក្នុងឆ្នាំ 2011។ គាត់បានចំណាយពេល 12 រដូវកាល នៅកីឡដ្ឋាន Anfield បង្ហាញខ្លួនសរុប 492 ប្រកួត និងធ្វើជាប្រធានក្រុម ដឹកនាំ Liverpool ឈ្នះពាន Premier League ឆ្នាំ 2020។

 

ក្នុងឆ្នាំ 2023 គាត់បានផ្ទេរទៅក្លិប Al Ettifaq នៅលីគអារ៉ាប៊ីសាអូឌីត ប៉ុន្តែបានចាកចេញក្រោយរយៈពេលត្រឹម 6 ខែ ដើម្បីទៅ Ajax Amsterdam មុនចូលរួមជាមួយ Brentford កាលពីឆ្នាំមុន។

 

នៅការប្រកួត World Cup ឆ្នាំនេះ Henderson បានលេងត្រឹម 6 នាទី ប៉ុណ្ណោះ មុនពេលរងរបួសបាក់ដៃ ក្នុងឧបទ្ទវហេតុក្រោយការប្រកួតដែលអង់គ្លេសយកឈ្នះ ម៉ិកស៊ិក នៅវគ្គ 16 ក្រុមចុងក្រោយ។

 

Henderson គឺជាកីឡាករអង់គ្លេសទីពីរដែលអ្នកចាត់ការថ្មី Xabi Alonso នាំចូលមក Chelsea ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីក្លិបបានចុះហត្ថលេខាយកខ្សែបម្រើ Morgan Rogers ពី Aston Villa ក្នុងតម្លៃបំបែកកំណត់ត្រា។

...

 

Chelsea ដែលបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ 10 ក្នុង Premier League នឹងចាប់ផ្តើមរដូវកាលថ្មី ដោយត្រូវជួបគូប្រជែងរួមទីក្រុង Fulham នៅថ្ងៃទី 24 ខែសីហា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print