TikTok យល់ព្រមដោះស្រាយបណ្តឹងរបស់យុវវ័យ 3 ករណី ដោយពួកគេចោទថា TikTok ធ្វើឲ្យញៀននិងខូចសុខភាពផ្លូវចិត្ត

ចែករំលែក៖

ក្រុមហ៊ុន TikTok បានយល់ព្រមដោះស្រាយបណ្តឹងចំនួន 3 ករណី ដែលប្តឹងដោយយុវវ័យ អះអាងថា បណ្តាញសង្គមបានរចនាវេទិការបស់ខ្លួនឱ្យមានលក្ខណៈ ញៀន និងបង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ នេះបើយោងតាមមេធាវីតំណាងដើមបណ្តឹងកាលពីថ្ងៃចន្ទ។

 

លោក Joseph VanZandt មេធាវីរបស់ដើមបណ្តឹង បានបញ្ជាក់ថា លក្ខខណ្ឌនៃការដោះស្រាយនៅតែជាការសម្ងាត់ ហើយកំពុងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ។

 

ខាង TikTok មិនទាន់ឆ្លើយតបសំណើសុំអត្ថាធិប្បាយនៅឡើយទេ។

 

ករណីទាំងនេះ គឺជាផ្នែកមួយនៃបណ្តឹងរាប់ពាន់ករណី ដែលត្រូវបានបញ្ចូលគ្នានៅតុលាការរដ្ឋកាលីហ្វ័រញ៉ា។ ចំណែកបណ្តឹងប្រឆាំងនឹង Meta, YouTube របស់ Google និង Snapchat របស់ Snap Inc. នឹងបន្ត ហើយការកាត់ក្តីគ្រោងធ្វើឡើងនៅខែតុលាខាងមុខ។

 

ករណីសាកល្បង (Bellwether Cases)

 

បណ្តឹងទាំង 3 ត្រូវបានជ្រើសរើសជាករណី Bellwether ឬករណីសាកល្បង ពីក្នុងចំណោមបណ្តឹងប្រមាណ 3,300 ករណី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចៅក្រម Carolyn Kuhl នៃតុលាការ Los Angeles។

 

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានបដិសេធការចោទប្រកាន់ ដោយអះអាងថា ពួកគេបានអនុវត្តវិធានការជាច្រើនដើម្បីការពារកុមារ និងយុវវ័យនៅលើវេទិការបស់ខ្លួន។

 

ជាធម្មតា ការសម្រេចក្ដីក្នុងករណី Bellwether ត្រូវបានប្រើដើម្បីវាយតម្លៃថា គណៈវិនិច្ឆ័យអាចសម្រេចយ៉ាងដូចម្តេចចំពោះករណីស្រដៀងគ្នា និងជួយសម្រួលដល់ការចរចាដោះស្រាយករណីផ្សេងៗទៀត។

 

ដើមបណ្តឹងទាំង 3

 

S.J. ក្មេងស្រីអាយុ 15 ឆ្នាំ មកពីរដ្ឋ Illinois អះអាងថា បណ្តាញសង្គមបានធ្វើឱ្យនាងមានបញ្ហា ធ្វើបាបខ្លួនឯង, ថប់បារម្ភ, ធ្លាក់ទឹកចិត្ត, ញៀនប្រើប្រាស់បណ្តាញសង្គម និងជំងឺបរិភោគអាហារ។

 

P.M.Y. អាយុ 15 ឆ្នាំ មកពីរដ្ឋ New Jersey អះអាងថា មានបញ្ហា ញៀន, ធ្លាក់ទឹកចិត្ត និងធ្វើបាបខ្លួនឯង។

 

K.D.B. អាយុ 18 ឆ្នាំ មកពីរដ្ឋ Mississippi អះអាងថា ការប្រើប្រាស់បណ្តាញសង្គមច្រើនពេក បណ្តាលឱ្យមាន ថប់បារម្ភ, ធ្លាក់ទឹកចិត្ត, ញៀន, ធ្វើបាបខ្លួនឯង និងជំងឺបរិភោគអាហារ។

 

ករណីមុនៗ

 

ការដោះស្រាយនេះ កើតឡើងបន្ទាប់ពីករណី Bellwether មួយទៀតត្រូវបានបញ្ចប់មុនការកាត់ក្តីកាលពីខែកក្កដា បន្ទាប់ពីដើមបណ្តឹងជាយុវវ័យបានដកបណ្តឹងប្រឆាំងនឹង Meta ខណៈក្រុមហ៊ុនផ្សេងទៀតបានយល់ព្រមដោះស្រាយ។

 

ការកាត់ក្តីលើកដំបូងក្នុងសំណុំរឿងនេះ ដែលបញ្ចប់កាលពីខែមីនា បានសម្រេចឱ្យ Meta បង់សំណង 4.2 លានដុល្លារ និង Google បង់ 1.8 លានដុល្លារ ក្នុងករណីស្ត្រីម្នាក់ដែលអះអាងថា នាងបានញៀនបណ្តាញសង្គមតាំងពីវ័យក្មេង ដោយសារការរចនាដែលទាក់ទាញការចាប់អារម្មណ៍របស់វេទិកាទាំងនោះ។ ក្នុងករណីនោះ TikTok និង Snap បានដោះស្រាយបណ្តឹងមុនការកាត់ក្តី។

...

 

បច្ចុប្បន្ន មានបណ្តឹងស្រដៀងគ្នាជាង 2,600 ករណី ទៀត កំពុងស្ថិតក្រោមការពិនិត្យរបស់តុលាការសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ា ដែលដាក់ដោយបុគ្គល សាលារៀន អាជ្ញាធរមូលដ្ឋាន និងរដ្ឋនានា។ លើសពីនេះ អគ្គរដ្ឋអាជ្ញារបស់ស្ទើរតែគ្រប់រដ្ឋនៅសហរដ្ឋអាមេរិក ក៏បានដាក់បណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គមទាំងនេះនៅតុលាការរដ្ឋរបស់ខ្លួនផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print