សារព័ត៌មាន Reuterបានផ្សាយថាបាតុភូតចុះត្រជាក់អង់តាក់ទិក បានបញ្ចេញឥទ្ធិពលលើតំបន់ជាច្រើននៃកោះ South Island របស់ប្រទេសនូវែលហ្សេឡង់នាថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ដោយនាំមកនីវ៉ូព្រិលធ្លាក់ដល់ជិតនីវូសមុទ្រ និងអាកាសធាតុត្រជាក់ខ្លាំង ដែលនាំឱ្យមានការបិទផ្លូវ និងរំខានដល់ការសិក្សានៅតាមសាលារៀន។
ព្រិលបានធ្លាក់គ្របដណ្តប់ទីក្រុង Dunedin ដែលជាទីក្រុងធំទីពីរនៅកោះ South Island ហើយប៉ូលិស បានអំពាវនាវពលរដ្ឋចៀសវាងការធ្វើដំណើរ លុះត្រាតែចាំបាច់បំផុត។ ការធ្លាក់ព្រិលក្នុងទីក្រុង Dunedin គឺកម្រកើតមានណាស់ ជាពិសេសនៅនីវ៉ូសមុទ្រ។ ប៉ុន្តែតំបន់ជាយក្រុងភ្នំអាចមានព្រិលធ្លាក់ខ្លះ ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំង។
អាជ្ញាធរបានឱ្យដឹងថា សេវារថយន្តក្រុងទាំងអស់ក្នុងទីក្រុង ត្រូវបានលុបចោល ខណៈសេវាស្រឡាង ឆ្លងរវាងកោះ South Island និងកោះ North Island ត្រូវផ្អាក ដោយសារខ្យល់បក់ខ្លាំង និងរលកសមុទ្រធំៗ។ តាមទីភ្នាក់ងារឧតុនិយមនូវែលសេឡង់ MetService អាកាសធាតុចុះត្រជាក់នេះ អាចកើតមានរយៈពេល ២ថ្ងៃទៀត ដោយនាំមកនូវព្រិល ឬភ្លៀងទឹកកក ដល់កម្រិតជិតនីវ៉ូទឹកសមុទ្រ នៅទូទាំងតំបន់ភាគខាងកើតនៃ South Island។ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ តំបន់ជាច្រើនក្នុងប្រទេស អាចនឹងជួបប្រទះសីតុណ្ហភាពត្រជាក់បំផុតប្រចាំឆ្នាំ៕










